TikTok ងាកទៅរកចៅក្រមតុលាការកំពូល ឱ្យជួយប្រឆាំងបម្រាមរបស់សហរដ្ឋអាមេរិក

ក្រុមហ៊ុន ទីកតុក (TikTok) និងអ្នកបង្កើតមាតិកាមួយក្រុមនៅលើកម្មវិធីវីដេអូខ្លីដ៏ពេញនិយមមួយនេះ បានងាកទៅរកមេធាវីតុលាការកំពូលអាមេរិកនាំមុខគេចំនួន២រូប ដើម្បីឱ្យជួយប្រឆាំងនឹងរដ្ឋាភិបាលសហរដ្ឋអាមេរិក លើច្បាប់ដែលតម្រូវឱ្យក្រុមហ៊ុនមេ បៃឌែនស៍ (ByteDance) ដែលមានមូលដ្ឋាននៅចិន លក់ទ្រព្យសម្បត្តិរបស់ TikTok នៅអាមេរិក បើមិនដូច្នេះទេនឹងប្រឈមការហាមឃាត់។

លោកមេធាវី អាន់ឌ្រូ ផីនខឺស (Andrew Pincus) នៃក្រុមហ៊ុនច្បាប់ ម៉េយើ ប្រោន (Mayer Brown) នឹងតវ៉ាប្រឆាំងនឹងច្បាប់អាមេរិកដ៏ចម្រូងចម្រាសសម្រាប់ TikTok និង ByteDance នៅពេលដែលតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកសម្រាប់តំបន់វ៉ាស៊ីនតោន ស្តាប់ទឡ្ហីករណ៍ក្នុងសំណុំរឿងរបស់ពួកគេនៅថ្ងៃទី១៦ ខែកញ្ញា។ ហើយមេធាវីម្នាក់ទៀត លោក ជែសហ្វ្រី ហ្វីស្ហើ (Jeffrey Fisher) នៃសាលាច្បាប់ ស្វែនហ្វដ (Stanford) នឹងតស៊ូមតិសម្រាប់អ្នកបង្កើតមាតិកា។

មេធាវីទាំងពីររូបនឹងប្រឈមមុខនឹងមេធាវីសាលាឧទ្ធរណ៍ជើងចាស់ លោក ដានីញែល ថែននី (Daniel Tenny) នៃក្រសួងយុត្តិធម៌ ដែលកំពុងការពារច្បាប់ហាមប្រាមមួយនេះ។ TikTok និង ByteDance ក៏ត្រូវបានតំណាងដោយក្រុមមកពីក្រុមហ៊ុនច្បាប់ ខូវីងតុន អែន ប៊ឺលីង (Covington & Burling) រួមទាំងលោក អាឡិចហ្សែនឌឺ បេរិនហ្កាត (Alexander Berengaut) ដែលជាអ្នកប្រឹក្សានាំមុខគេ និងជាសហប្រធាននៃក្រុមវិវាទរដ្ឋាភិបាលរបស់ក្រុមហ៊ុន។

លោកប្រធានាធិបតី ចូ បៃដិន (Joe Biden) បានចុះហត្ថលេខាលើច្បាប់នេះកាលពីខែមេសា ដោយផ្តល់ឱ្យ ByteDance រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំក្រោយដើម្បីលក់ TikTok បើមិនដូច្នេះទេនឹងប្រឈមនឹងការហាមឃាត់។ សេតវិមាន និងអ្នកតស៊ូមតិផ្សេងទៀតនៃច្បាប់នេះបាននិយាយថា ជំហាននេះគឺជាការតតាំងចំពោះភាពជាម្ចាស់របស់កម្មវិធីដែលមានមូលដ្ឋាននៅចិនប៉ុណ្ណោះ មិនមែនជាវិធាការដើម្បីលុបបំបាត់ TikTok ទេ៕