ការប៉ះទង្គិចគ្នាកើតឡើងនៅបូលីវី ក្នុងពេលហែក្បួនបាតុកម្មដឹកនាំដោយអតីតប្រធានាធិបតីលោក Morales

ការហែក្បួនបាតុកម្មនៅប្រទេសបូលីវី ដឹកនាំដោយអតីតប្រធានាធិបតី លោក Evo Morales បានរីកកាន់តែធំឡើងរហូតដល់មានការប៉ះទង្គិចគ្នា កាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញា បន្ទាប់ពីមានក្រុមប្រឆាំងមួយក្រុម បានព្យាយាមបិទផ្លូវក្នុងអំឡុងពេលធ្វើដំណើរ ឆ្ពោះទៅកាន់រដ្ឋធានី La Paz ។

លោក Morales បានចាប់ផ្តើមការដង្ហែរក្បួនបាតុកម្ម ដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាល របស់ប្រធានាធិបតី លោក លូអ៊ីស អាស(Luis Arce) ដោយលើកឡើងពីភាពជាប់គាំងផ្នែកសេដ្ឋកិច្ចថា ជាទុក្ខលំបាកចម្បង។

លោក Morales បានបង្ហោះនៅលើបណ្តាញ X ថា ការដង្ហែរក្បួនបាតុកម្មគឺដើម្បីសង្គ្រោះជីវិតនៅប្រទេសបូលីវី និងដើម្បីស្តារលទ្ធិប្រជាធិបតេយ្យ។

ភាពតានតឹងរវាងអតីតប្រធានាធិបតី លោក Morales និងប្រធានាធិបតី លោក អាស(Arce) បានកើនឡើងចាប់តាំងពីចុងឆ្នាំ២០២១ ដែលត្រូវបានជំរុញដោយវិធីសាស្រ្តផ្សេងៗគ្នាចំពោះអភិបាលកិច្ចរដ្ឋ និងការជំរុញឱ្យមានការដឹកនាំថ្មី នៅក្នុងគណបក្សរបស់ពួកគេ គឺគណបក្សចលនាដើម្បីសង្គមនិយម (MAS) ។

លោក Morales បាននិយាយឲ្យដឹងថា ការធ្វើបាតុកម្មនេះ គឺដើម្បីសង្គ្រោះប្រទេសបូលីវី ពីបញ្ហាជាច្រើន ដូចជា កង្វះប្រាក់ដុល្លារ និងប្រេងឥន្ធនៈ និងការហក់ឡើងតម្លៃទំនិញជាមូលដ្ឋាន។

នៅក្នុងាការថ្លែងតាមទូរទស្សន៍ លោក Arce បានចោទប្រកាន់លោក Morales ពីការព្យាយាមកាត់បន្ថយអាណត្តិរបស់លោក និងធ្វើរដ្ឋប្រហារដែលបានប៉ុនប៉ង។