យោធាអ៊ីស្រាអែល និយាយថា គ្មានការផ្លាស់ប្តូរចំពោះការណែនាំការការពារប្រទេសនោះទេ

យោធាប្រទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារទី ១៧ ខែកញ្ញា ថា មេបញ្ជាការជាន់ខ្ពស់ រួមទាំងនាយសេនាធិការ ឧត្តមសេនីយ៍ Herzi Halevi បានធ្វើការវាយតម្លៃអំពីស្ថានភាព ផ្តោតលើការត្រៀមខ្លួន ទាំងការវាយលុកនិងការការពារ នៅគ្រប់គោលដៅដែលបានកំណត់ ដោយពុំបានផ្តល់ព័ត៌មានលម្អិតនោះទេ។

យោធា និយាយថា ពុំមានការផ្លាស់ប្តូរនៅក្នុងការណែនាំដល់ជនស៊ីវិលនោះទេ ប៉ុន្តែបាននិយាយបន្ថែមថា សាធារណជនត្រូវបានស្នើសុំឱ្យរក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួន ហើយការផ្លាស់ប្តូរណាមួយនៅក្នុងគោលនយោបាយ នឹងត្រូវបានធ្វើបច្ចុប្បន្នភាពភ្លាមៗ។

ក្រុមសកម្មប្រយុទ្ធហេសបូឡា បានប្តេជ្ញាសងសឹកអ៊ីស្រាអែល បន្ទាប់ពីបានចោទប្រកាន់ថា អ៊ីស្រាអែល បានបំផ្ទុះឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃអង្គារ ដោយបានសម្លាប់មនុស្ស៩នាក់ និងរបួសជិត៣.០០០នាក់ផ្សេងទៀត ដែលរាប់បញ្ចូលទាំងអ្នកប្រយុទ្ធ និងបេសកជនអ៊ីរ៉ង់ប្រចាំនៅទីក្រុងបេរូត។

ក្រុមហេសបូឡា បាននិយាយថា អ៊ីស្រាអែល នឹងទទួលរងទណ្ឌកម្មដោយយុត្តិធម៌ សម្រាប់ការបំផ្ទុះឧបករណ៍ចាប់សញ្ញាអេឡិចត្រូនិកនេះ។

យោធាអ៊ីស្រាអែល ដែលបានចូលរួមនៅក្នុងការវាយប្រយុទ្ធឆ្លងព្រំដែនប្រឆាំងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សា ក្នុងខែតុលា បានបដិសេធមិនឆ្លើយតបទៅនឹងសំណួរអំពីការបំផ្ទុះនេះ។