កោះតៃវ៉ាន់ កំពុងបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀត

ប្រមុខអាជ្ញាធរការពារជាតិកោះតៃវ៉ាន់ បាននិយាយថា ប្រសិទ្ធភាពប្រយុទ្ធរបស់កោះតៃវ៉ាន់ មានការប្រសើរឡើង ដោយសារភាពជាដៃគូសន្តិសុខកាន់តែស៊ីជម្រៅជាមួយសហរដ្ឋអាមេរិក និងមិត្តភ័ក្តិ និង «សម្ព័ន្ធមិត្ត» ប៉ុន្តែរឿងនេះត្រូវបានរក្សាទុកដោយចេតនាមិនបើកបង្ហាញជាសាធារណៈ។

កោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ដែលត្រូវប្រទេសចិនអះអាងសិទ្ធិថាជាទឹកដីរបស់ខ្លួន មិនមានសន្ធិសញ្ញាទំនាក់ទំនងការពារជាតិជាមួយក្រុងវ៉ាស៊ីនតោន ឬសម្ព័ន្ធមិត្តណាមួយឡើយ ទោះបីជាអាមេរិកមានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន និងមន្ត្រីយោធាពីភាគីទាំងពីរក្នុងការធ្វើទស្សនកិច្ច និងបណ្តុះបណ្តាលក៏ដោយ។

រដ្ឋាភិបាលទីក្រុងប៉េកាំង តែងតែផ្ទុះកំហឹងចំពោះព័ត៌មានជំនួយណាមួយនៃបណ្តាប្រទេសដែលមានទំនាក់ទំនងយោធាជាមួយកោះតៃវ៉ាន់ ហើយបានដាក់ទណ្ឌកម្មម្តងហើយម្តងទៀតដល់ក្រុមហ៊ុនអាវុធរបស់អាមេរិក ចំពោះការលក់អាវុធឱ្យក្រុងតៃប៉ិ។

ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធ ក្នុងការបញ្ចេញមតិដែលចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ (១៩ កញ្ញា) នេះ ប្រមុខអាជ្ញាធរការពារជាតិ លោក វែលលីងតុន ខូ (Wellington Koo) បានធ្វើការអត្ថាធិប្បាយដ៏កម្រពីទំនាក់ទំនងទាំងនោះដោយសារភាពរសើបក្នុងរឿងនេះ។ លោកបាននិយាយថា «ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កោះតៃវ៉ាន់ សហរដ្ឋអាមេរិក និងមិត្តភ័ក្តិ និងសម្ព័ន្ធមិត្តផ្សេងទៀតបានពង្រឹងភាពជាដៃគូសន្តិសុខជាបន្តបន្ទាប់ ហើយបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការយោធា»។

ទីក្រុងប៉េកាំង ដែលមិនដែលបោះបង់ចោលការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកក្រោមការគ្រប់គ្រងរបស់ខ្លួនវិញនោះ បានធ្វើសមយុទ្ធជាប្រចាំនៅជុំវិញកោះនេះអស់រយៈពេលប្រាំឆ្នាំមកហើយ៕