ប្រទេសប៉េរូ ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងតំបន់ជាច្រើន ដែលរងផលប៉ះពាល់ដោយចំហេះព្រៃ

រធានាធិបតីប្រទេសប៉េរូ លោកស្រី Dina Boluarte កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន នៅក្នុងតំបន់ចំនួនបីរងផលប៉ះពាល់ដោយចំហេះព្រៃ ដែលបានឆេះរាលដាលពាសពេញផ្ទៃដីដាំដំណាំនៅតំបន់ភ្នំអង់និងតំបន់អាម៉ាហ្សូនរបស់ប្រទេស ហើយចំហេះព្រៃនេះ បានបណ្តាលឲ្យមនុស្ស ១៦នាក់ស្លាប់។

លោកស្រី បាននិយាយថា តំបន់ភាគខាងជើងដែលមានព្រៃឈើក្រាស់នៅតំបន់ Amazonas តំបន់ San Martin និងតំបន់ Ucayali នឹងស្ថិតនៅក្រោមវិធានការសង្គ្រោះបន្ទាន់ថ្មី បន្ទាប់ពីមានសំណើជាច្រើនពីអាជ្ញាធរមូលដ្ឋាន សម្រាប់ធនធានបន្ថែមទៀតដែលត្រូវបែងចែកដើម្បីប្រយុទ្ធទប់ស្កាត់ចំហេះព្រៃ។

យោងតាមទិន្នន័យពីក្រសួងបរិស្ថានរបស់ប្រទេសប៉េរូ បានឱ្យដឹងថា ចំហេះព្រៃជាញឹកញាប់នៅក្នុងប្រទេសប៉េរូ នៅចន្លោះខែសីហា និងខែវិច្ឆិកា ភាគច្រើនកើតឡើងដោយសារតែការដុតស្មៅស្ងួតដើម្បីពង្រីកព្រំដែនធ្វើកសិកម្ម និងពេលខ្លះក៏កើតឡើងដោយសារតែអ្នកធ្វើជំនួញដូរដីធ្លី។

ថ្លែងនៅវិមានរដ្ឋាភិបាល លោកស្រីប្រធានាធិបតី បាននិយាយថា ប្រទេសប៉េរូ បានចុះបញ្ជីចំហេះព្រៃចំនួន២៣៨កន្លែង នៅទូទាំងតំបន់ភាគច្រើនរបស់ខ្លួន ប៉ុន្តែ៨០% នៃចំហេះព្រៃ ត្រូវបានគ្រប់គ្រង។

ប្រធានផ្នែកគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ លោក David Aponte បានផ្តល់ព័ត៌មានថា ចាប់តាំងពីថ្ងៃទី ១៥ ខែកក្កដា រហូតមកដល់ពេលនេះ មនុស្សចំនួន ១៥៥ នាក់ ត្រូវបានរាយការណ៍ថាបានទទួលរងនូវបញ្ហាសុខភាពទាក់ទងនឹងចំហេះព្រៃ ក្នុងនោះ ១៦ នាក់បានស្លាប់។

ទិន្នន័យតាមផ្កាយរណប ដែលត្រូវបានវិភាគដោយទីភ្នាក់ងារស្រាវជ្រាវអវកាសរបស់ប្រទេសប្រេស៊ីលកាលពីដើមខែនេះ បានកត់ត្រាពីចំហេះព្រៃចំនួន ៣៤៦.១១២កន្លែង នៅទូទាំងអាមេរិកខាងត្បូងរហូតមកដល់ពេលនេះ នៅឆ្នាំនេះ ដែលលើសពីកំណត់ត្រាឆ្នាំ២០០៧ មានចំនួន៣៤៥.៣២២កន្លែង នៅក្នុងទិន្នន័យជាបន្តបន្ទាប់ ដែលមានមកតាំងពីឆ្នាំ១៩៩៨។


Comments

Leave a Reply

Your email address will not be published. Required fields are marked *