មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡាម្នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្រុងបេរូត

អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ក្រុមហេសបូឡា និងមន្ត្រីជាន់ខ្ពស់ច្រើននាក់ផ្សេងទៀតក្នុងជួរចលនាក្រុមនៅប្រទេសលីបង់ ក្នុងការវាយប្រហារតាមអាកាសលើទីក្រុងបេរូត កាលពីថ្ងៃសុក្រ ដោយបានប្តេជ្ញាថា នឹងបន្តយុទ្ធនាការយោធាថ្មីរហូតដល់អាចធានាបានសន្តិសុខនៅតំបន់ជុំវិញព្រំដែនលីបង់។

យោធាអ៊ីស្រាអែល និងប្រភពព័ត៌មានសន្តិសុខ នៅក្នុងប្រទេសលីបង់បាននិយាយថា លោក Ibrahim Aqil ត្រូវបានសម្លាប់ជាមួយសមាជិកជាន់ខ្ពស់ផ្សេងទៀតនៃអង្គភាពរបស់ក្រុមហេសបូឡា ក្នុងការវាយប្រហារតាមអាកាស ដែលធ្វើឲ្យមានជម្លោះជាយូរឆ្នាំរវាងអ៊ីស្រាអែល និងក្រុមគាំទ្រដោយអ៊ីរ៉ង់ កាន់តែរីកធំ។ ក្រុមហេសបូឡា បានបញ្ជាក់ពីការស្លាប់របស់លោក Aqil នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រោយពាក់កណ្តាលអធ្រាត្រ ដែលលោកត្រូវបានគេចាត់ទុកថាជា «មេដឹកនាំជាន់ខ្ពស់ម្នាក់»។

ក្រសួងសុខាភិបាលប្រទេសលីបង់ បាននិយាយថា មនុស្សយ៉ាងហោចណាស់១៤នាក់បានស្លាប់នៅក្នុងការវយាប្រហារ ហើយចំនួនអ្នកស្លាប់ត្រូវបានគេរំពឹងថានឹងកើនឡើង ខណៈក្រុមជួយសង្គ្រោះបានធ្វើការពេញមួយយប់។ ក្រសួងបាននិយាយថា មនុស្សយ៉ាងហោចណាស់ ៦៦ នាក់បានរងរបួស ក្នុងនោះ ៩ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ប្រភពសន្តិសុខទីពីរ បាននិយាយថា មេបញ្ជាការក្រុមហេសបូឡា យ៉ាងហោចណាស់៩នាក់ផ្សេងទៀតបានស្លាប់ នៅពេលដែលមីស៊ីលជាច្រើនគ្រាប់បានធ្លាក់ទៅលើយានដ្ឋាននៃអគារមួយកន្លែង។

នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយថា គោលដៅរបស់អ៊ីស្រាអែល គឺច្បាស់លាស់ ហើយសកម្មភាពរបស់ខ្លួនថាហើយត្រូវតែធ្វើ។ រដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant បាននិយាយក្នុងសប្តាហ៍នេះថា អ៊ីស្រាអែលកំពុងចាប់ផ្តើមដំណាក់កាលថ្មីនៃសង្រ្គាមនៅព្រំដែនភាគខាងជើង ដោយបានបង្ហោះនៅលើបណ្តាញ X ថា «សកម្មភាពជាបន្តបន្ទាប់ក្នុងដំណាក់កាលថ្មី នឹងបន្តរហូតដល់គោលដៅរបស់យើងបានសម្រេច រួមមានទាំង ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ប្រជាជននៅខាងជើង បានទៅកាន់លំនៅឋានរបស់ពួកគេវិញ»។