អ៊ីស្រាអែលវាយប្រហារដ៏ខ្លាំងក្លាលើលីបង់ ខណៈអាមេរិក និងអង់គ្លេសជំរុញឱ្យមានដំណោះស្រាយការទូតជាបន្ទាន់

ប្រភពសន្តិសុខលីបង់បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារដ៏ខ្លាំងបំផុតកាលពីយប់ថ្ងៃព្រហស្បតិ៍១៩ កញ្ញា ទៅលើប្រទេសលីបង់ភាគខាងត្បូងក្នុងរយៈពេលជិតមួយឆ្នាំនៃសង្រ្គាម ដោយបានពង្រីកជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡា របស់ប្រទេសលីបង់ ស្របពេលមានការអំពាវនាវឱ្យមានការអត់ធ្មត់ និងបន្ធូរបន្ថយជាបន្ទាន់។

សេតវិមានបាននិយាយថា ដំណោះស្រាយការទូតគឺអាចសម្រេចបាន និងជាបន្ទាន់ ហើយអង់គ្លេសបានអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។ អ្នកនាំពាក្យ សេតវិមាន បានប្រាប់សន្និសីទសារព័ត៌មានថា សហរដ្ឋអាមេរិកមានការភ័យខ្លាច និងព្រួយបារម្ភអំពីការរីកធំនៃជម្លោះក្នុងតំបន់នោះ។

ការវាយប្រហារយ៉ាងសន្ធាប់នេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារកាលពីដើមសប្តាហ៍នេះ ដោយ ការបំផ្ទុះវិទ្យុទាក់ទង ឬអាយកូម និងឧបករណ៍បញ្ជូនសញ្ញាអគ្គិសនីសម្លាប់មនុស្ស ៣៧នាក់ និងប្រហែល ៣.០០០ នាក់របួសនៅលីបង់ ដែលចង្អុលមុខទៅលើអ៊ីស្រាអែល ។

ប្រភពសន្តិសុខលីបង់ចំនួនបីបាននិយាយថា នៅក្នុងប្រតិបត្តិការកាលពីក្បាលប្រលប់ថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានបាញ់ទម្លាក់គ្រាប់បែករាប់សិបគ្រាប់នៅទូទាំងភាគខាងត្បូងប្រទេសលីបង់។ពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសនោះទេ។

ស្ថានីយ៍វិទ្យុអ៊ីស្រាអែលបានរាយការណ៍ថា យន្តហោះចម្បាំងរាប់សិបគ្រឿងបានវាយប្រហារលើគោលដៅរបស់ក្រុមហេសបូឡា រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត BM ប្រហែល១០០គ្រឿង ។

យោធាអ៊ីស្រាអែលពុំបានបញ្ជាក់ពីការបាញ់ផ្លោងនោះទេ ប៉ុន្តែបាននិយាយមុននេះថា ខ្លួនបានវាយប្រហារលើគោលដៅជាច្រើនរបស់ក្រុមហេសបូឡា រួមទាំងជើងទម្របាញ់គ្រាប់រ៉ូកែត និងឃ្លាំងអាវុធនៅភាគខាងត្បូងប្រទេសលីបង់៕