អាជ្ញាធរមីនអំពាវនាវឲ្យបង្ការគ្រោះថ្នាក់ពីមីន និងសំណល់ពីសង្គ្រាម ខណៈមនុស្សរងគ្រោះ​៣០នាក់ ក្នុង៥ខែឆ្នាំនេះ

អាជ្ញាធរមីននៅថ្ងៃនេះបានបន្តអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ សូម​កុំចូល​ទៅ​តំបន់​ណា​ដែល​មិន ដឹងប្រវត្តិច្បាស់លាស់និងត្រូវសាកសួរអាជ្ញាធរមូល ដ្ឋានមុនចូលតំបន់នោះ និង​សូម​កុំ​ប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ។ ហើយ​ត្រូវ​រាយការណ៍​ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និងប្រតិបត្តិករបោស សម្អាតមីនដែលនៅជិតទីនោះ ដើម្បីយក​គ្រាប់​ទាំង​នោះ​ទៅ​កម្ទេចចោល។

ការបន្តអំពាវនាវនេះ ខណះក្នុងរយៈពេល ៥ខែ ក្នុងឆ្នាំ ២០២៤ នេះ មាន​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម មានចំនួន ៣០នាក់ ក្នុងនោះរងគ្រោះដោយសារគ្រាប់មីន ១៣នាក់ និងបានបណ្តាលឱ្យមានមនុស្សស្លាប់ ៨នាក់ របួស ១៨នាក់ និងធ្លាក់ខ្លួនពិការ ៤នាក់។

អាជ្ញាធរមីនបានបង្ហាញឲ្យដឹងថា អត្រាគ្រោះថ្នាក់នេះ កើនឡើង ៥៨% ប្រៀបធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ក្នុង២០២៣ ដែលមានជនរងគ្រោះចំនួន១៩នាក់ ហើយករណី នេះបណ្តាល​មក​ពី​សកម្មភាព​នៃ​ការ​លេងគ្រាប់ ៦៤% ការរកស្បៀងអាហារ ១៣% ការសម្អាតដីធ្វើកសិកម្ម ១០% ការធ្វើសំណង់ ១០% និងការដុតភ្លើង ៣%។ ដើម្បីទប់ ស្កាត់ និងរួមចំណែក​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​គ្រោះថ្នាក់ឱ្យនៅកម្រិតអប្បបរមា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន រួមជាមួយ​ប្រទេស​ជា​មិត្ត ដៃគូអភិវឌ្ឍន៍ និងប្រតិបត្តិករសកម្មភាពមីន បានបន្តខិតខំ​ប្រឹង​ប្រែង​យ៉ាង​យក​ចិត្ត​ទុកដាក់ក្នុងការរំដោះផ្ទៃដី និងការផ្សព្វផ្សាយការ អប់រំយល់​ដឹងពី​មីន​ និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅ​តាម​សហគមន៍ដើម្បី “ឆ្ពោះ ទៅរកកម្ពុជាមួយគ្មានផលប៉ះពាល់ដោយសារមីននិងសំ ណល់ជាតិ​ផ្ទុះ​ពី​សង្រ្គាម” និងគ្មានទុកប្រជាពលរដ្ឋណាម្នាក់ នៅបន្តរងគ្រោះទៀត។

សូមបញ្ជាក់ថា យោងតាមទិន្នន័យរបស់អាជ្ញាធរមីន រាប់ចាប់ពីឆ្នាំ១៩៧៩ ដល់ខែឧសភា ឆ្នាំ​២០២៤​នេះ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមសរុបចំនួន ៦៥.០៦៧ នាក់ ក្នុងនោះរងគ្រោះដោយសារមីន ៧៩% និងសំណល់ជាតិផ្ទុះពីសង្រ្គាម ២១% ៕ អត្ថបទ.ភារម្យ


Comments

Leave a Reply

Your email address will not be published. Required fields are marked *