ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រ លើកទី៣ មានអ្នកចូលរួមជិត ១៥០០នាក់

ភ្នំពេញ៖ ព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងសប្បុរសធម៌អង្គការផ្កាយសមុទ្រលើកទី ៣ ឆ្នាំនេះ ដែលធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះ ទទួលបានអ្នករត់សប្បុរសធម៌ ជាតិ និងអន្តរជាតិ ព្រម​ទាំង​បណ្តាក្រុមហ៊ុនឯកជននានា ជិត១៥០០នាក់ រត់ដើម្បីប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់​​កុមារា-កុមារីក្រីក្រ ៧០០នាក់របស់អង្គការផ្កាយសមុទ្រ។

អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ បានមានប្រសាសន៍ថា អង្គការផ្កាយសមុទ្រ រៀប​ចំ​ព្រឹត្តិការណ៍រត់ពាក់កណ្តាល ម៉ារ៉ាតុងសប្បុរសធម៌ គឺគោលបំណងធំដើម្បីគាំទ្រដល់កុមារា-កុមារី ដែល​កំពុងទទួលការឧបត្ថម្ភ ពីអង្គការផ្កាយសមុទ្រ ហើយការ រត់ដើម្បីសុខមាលភាពលើកទី ៣ នេះ ​មានអ្នកចូលរួមច្រើនជាងលើកមុន ។ លោកស្រីបន្តថា អង្គការ​តែងតែ​បង្កើន​ភាព​សប្បាយ​រីករាយ​ជូន​ដល់អ្នកចូលចិត្តរត់ ដើម្បីលើកកម្ពស់សុខភាព ហើយលើកទឹកចិត្តដល់អ្នកចូលចិត្តរត់ និង​អ្នកហាត់កីឡាផ្សេងៗ ដើម្បីឲ្យពួកគាត់មានឳកាសចូលរួមហាត់ប្រាណ និងជួបជុំគ្រួសារ មិត្តភ័ក្ក នៅចុងសប្តាហ៍។

ជាមួយនេះដែរអ្នកចូលរួមព្រឹត្តិការណ៍រត់ ពាក់កណ្តាលម៉ារ៉ាតុង សប្បុរសធម៌អង្គការផ្កាយសមុទ្រ ដើម្បី​ប្រមូលថវិកា ទិញសម្ភារសិក្សា សម្រាប់កុមារា-កុមារីក្រីក្រ ៧០០នាក់នេះ បាន​សម្តែង​នៅ​ភាព​សប្បាយរីករាយដែលបានចូលរួមរត់សម្បុរសធម៌ រៃអង្គាសថវិការ ជូនដល់កុមារក្រីក្រ ហើយ​ព្រម​ទាំងទទួលបាន សុខភាពផងដែរ។

សូមបញ្ជាក់ផងដែលថា ព្រឹត្តិការណ៍នេះមានការសហការរៀបចំ ដោយសហព័ន្ធខ្មែរ អត្ត​ពលកម្ម​ស្ម័គ្រ​ចិត្ត និងចូលរួមឧបត្ថម្ភគាំទ្រពីក្រុមហ៊ុន KPMG ខេមបូឌា។ ហើយថវិកាដែលប្រមូលពី សប្បុរសធម៌ និងអ្នករត់មួយចំនួននោះ គឺដើម្បីទិញ សម្ភារៈ សិក្សាសម្រាប់ក្មេងៗ សម្រាប់​ចូល​សិក្សាឆ្នាំថ្មីជិតចាប់ផ្តើមដូច្នេះពួកគាត់ត្រូវការប៊ិច ខ្មៅដៃ សៀវភៅ និងឧបករណ៍សិក្សាផ្សេងៗ៕