ក្រុមហេសបូឡា បាញ់រ៉ូកែតជាង ១០០គ្រាប់ ទៅកាន់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារទៅលើក្រុងបេរូត

ទីភ្នាក់ងារព័ត៌មានជាតិគ្រប់គ្រងដោយរដ្ឋរបស់ប្រទេសលីបង់ បានរាយការណ៍ថា ក្រុមហេសបូឡា បានបាញ់រ៉ូកែតជាង ១០០ គ្រាប់ ទៅលើកន្លែងតាំងទីលំនៅជាង ៣០កន្លែង នៅភាគខាងលិចតំបន់ Galilee និងមូលដ្ឋានចារកម្មសំខាន់មួយ នៅភាគខាងជើងអ៊ីស្រាអែលកាលពីថ្ងៃសុក្រ ដោយបានសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់ និង ជាង៥៩នាក់ផ្សេងទៀត បានរងរបួស។

ក្រសួងសុខាភិបាលលីបង់ បាននិយាយថា អ៊ីស្រាអែលបានវាយប្រហារទៅលើអគារមួយ នៅក្នុងតំបន់ជាយក្រុង Dahiehនៃទីក្រុងបេរូត។ ក្រុមជួយសង្គ្រោះ កំពុងបោសសម្អាតគំនរបាក់បែក ដើម្បីស្វែងរកអ្នកស្លាប់ និងរងរបួស។

រូបភាពវីដេអូទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីការខូចខាតយ៉ាងខ្លាំង និងភាពចលាចល នៅក្នុងសង្កាត់ដែលមានមនុស្សរស់នៅច្រើនកុះករ។ ប្រព័ន្ធផ្សព្វផ្សាយលីបង់ បានរាយការណ៍ថា ការវាយប្រហារនោះបានផ្តោតលើលោក Ibrahim Akil សមាជិកក្រុមប្រឹក្សាជីហាដហេសបូឡា។ វិទ្យុកងទ័ពអ៊ីស្រាអែលដែលបានដកស្រង់សម្តីមន្ត្រីសន្តិសុខ បានគាំទ្រការអះអាងនេះ។

កងកម្លាំងការពារអ៊ីស្រាអែល បានបញ្ជាក់ពីការវាយប្រហារនៅទីក្រុងបេរូត នៅក្នុងសេចក្តីថ្លែងការណ៍ខ្លី មួយ។