ប្រភពចំនួនពីរបានប្រាប់សារព័ត៌មាន Reuters ថា មានក្ដីរំពឹងថានៅថ្ងៃចន្ទនេះ ក្រសួងពាណិជ្ជកម្មអាមេរិកនឹងស្នើសុំការហាមប្រាមផ្នែកទន់ និងផ្នែករឹង ឬ software និង hardware របស់ចិនដែលបានប្រើប្រាស់នៅក្នុងរថយន្តបំពាក់អ៊ីនធឺណិត និងស្វ័យបើកបរនៅលើដងវិថីក្នុងសហរដ្ឋអាមេរិក ដោយសារការព្រួយបារម្ភអំពីសន្តិសុខជាតិ។
រដ្ឋបាលលោកBiden បានលើកឡើងពីការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរអំពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនចិនលើអ្នកបើកបរ និងហេដ្ឋារចនាសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ក៏ដូចជាឧបាយកលបរទេសដ៏មានសក្តានុពលនៃយានយន្តដែលបំពាក់អ៊ីនធឺណិត និងប្រព័ន្ធស្វ័យបើកបរ។
ប្រភពពីរដែលសុំមិនបញ្ចេញអត្តសញ្ញាណបាននិយាយថា ច្បាប់ដែលបានស្នើឡើងនឹងហាមប្រាមការនាំចូល និងលក់យានយន្តពីប្រទេសចិនជាមួយនឹងការទំនាក់ទំនងសំខាន់ៗ ឬកម្មវិធីប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ software ឬ hardware។
ចំណាត់ការនេះ គឺជាការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងការរឹតត្បិតដែលនៅតែបន្តរបស់សហរដ្ឋអាមេរិកលើយានយន្ត software និងគ្រឿងបន្លាស់របស់ប្រទេសចិន។
កាលពីសប្តាហ៍មុន រដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden បានដំឡើងពន្ធលើការនាំចូលរបស់ចិន រួមទាំងពន្ធ ១០០%លើរថយន្តអគ្គិសនី ឬ EV ក៏ដូចជាថ្មរថយន្តអគ្គិសនី និងសារធាតុរ៉ែសំខាន់ៗ៕
Leave a Reply