លោក Trump ថាខ្លួននឹងមិនឈរឈ្មោះបោះឆ្នោតទៀតទេ ប្រសិនបើបរាជ័យនៅខែវិច្ឆិកា

លោក Donald Trump មកពីគណបក្សសាធារណរដ្ឋបាននិយាយថា លោកនឹងមិនឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីអាមេរិកជាលើកទីបួនជាប់ៗគ្នាទៀតនោះទេ ប្រសិនបើលោកចាញ់ការបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា ខាងមុខនេះ ដោយនិយាយថា «នេះជាលើកចុងក្រោយហើយ» នៅក្នុងបទសម្ភាសន៍មួយដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ (២២ កញ្ញា)។

នៅពេលត្រូវសាកសួរថា តើលោកមើលឃើញខ្លួនឯងឈរឈ្មោះបោះឆ្នោតម្តងទៀតឬទេក្នុងរយៈពេល ៤ឆ្នាំខាងមុខ ប្រសិនបើលោកមិនទទួលបានជោគជ័យក្នុងកិច្ចប្រឹងប្រែងជាលើកទី៣ជាប់ៗគ្នាសម្រាប់តំណែងសេតវិមាន លោកអតីតប្រធានាធិបតីវ័យ ៧៨ឆ្នាំរូបនេះ បានប្រាប់កម្មវិធីទូរទស្សន៍មួយថា «ទេខ្ញុំមិនឈរឈ្មោះទៀតទេ។ ខ្ញុំគិតថានេះនឹងក្លាយជាលើកចុងក្រោយហើយ។ សង្ឃឹមថាយើងនឹងទទួលបានជោគជ័យទៅចុះ»។

លោក Trump ប្រឈមមុខនឹងការប្រកួតប្រជែងដ៏តឹងតែងមួយប្រឆាំងនឹងអនុប្រធានាធិបតីអាមេរិកខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Kamala Harris ជាមួយនឹងការស្ទង់មតិបង្ហាញបេក្ខភាពទាំងពីររូបតាមពីក្រោយគ្នាយ៉ាងប្រកៀកប្រកិតនៅក្នុងរដ្ឋប្រទាញប្រទង់សំខាន់ៗដែលទំនងជាអាចកំណត់អ្នកឈ្នះ ខណៈលោកស្រី Harris ហាក់ទទួលបានសន្ទុះគាំទ្រខ្លាំងជាងក្នុងការស្ទង់មតិទូទាំងប្រទេស។

លោក Trump បានចាប់ផ្តើមកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញជាលើកដំបូងរបស់លោកសម្រាប់ការបោះឆ្នោតឆ្នាំ២០២០ នៅថ្ងៃតែមួយដែលលោកឡើងកាន់តំណែងកាលឆ្នាំ២០១៧ ហើយបានប្រកាសកិច្ចប្រឹងប្រែងបោះឆ្នោតឡើងវិញចុងក្រោយបង្អស់របស់ខ្លួនក្នុងតំណែងសេតវិមានកាលពី ២ឆ្នាំមុនក្នុងខែវិច្ឆិកា ឆ្នាំ២០២២។ លោកស្រី Harris វ័យ ៥៩ឆ្នាំ បានហៅការប្រកួតប្រជែងនេះថាជាពេលវេលាដ៏សំខាន់សម្រាប់លទ្ធិប្រជាធិបតេយ្យរបស់សហរដ្ឋអាមេរិក៕