ពលរដ្ឋលីបង់ខ្លាចមានសង្គ្រាមថ្មី ខណៈអ៊ីស្រាអែល សន្ធាប់វាយប្រហារតាមអាកាសទូទាំងប្រទេស

ពលរដ្ឋលីបង់បានបង្ហាញភាពភ័យខ្លាចកាន់តែខ្លាំងកាលពីថ្ងៃចន្ទ ២៣ កញ្ញា ខណៈអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ដោយមិនរើសមុខនៅទូទាំងភាគខាងត្បូងប្រទេសលីបង់ ដែលបានសម្លាប់មនុស្សរាប់រយនាក់។

អ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមអាកាសយ៉ាងសន្ធាប់ទូទាំងប្រទេសនេះ ដាក់គោលដៅលើក្រុមហេសបូឡាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយបានព្រមានពលរដ្ឋលីបង់ឱ្យជម្លៀសចេញពីតំបន់ជាទីក្រុមប្រដាប់អាវុធកំពុងស្តុកអាវុធ ដែលគេមើលឃើញថាកំពុងខិតជិតមាត់ជ្រោះនៃសង្រ្គាមពេញបន្ទុក។

លោក Mohamed Sibai ម្ចាស់ហាងជនជាតិលីបង់បាននិយាយថា នេះជាការចាប់ផ្តើមនៃសង្រ្គាមហើយ។ដោយសំដៅដល់អ៊ីស្រាអែល លោកបានបន្ថែមថា ពួកគេបានឆ្លងបន្ទាត់ក្រហមទាំងអស់។

បុគ្គលិករដ្ឋលីបង់ម្នាក់ លោក Joseph Ghafary ដែលបានបាត់បង់ជើងម្ខាងក្នុងការផ្ទុះកំពង់ផែបេរូត កាលពី៤ឆ្នាំមុន បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងថាអាចនឹងផ្ទុះសង្រ្គាមធ្ងន់ធ្ងរ ខណៈលោកសង្កត់ធ្ងន់ថាជនជាតិលីបង់ប្រឆាំងនឹងសង្គ្រាម។ លោកជឿថាការកើនឡើងនៃជម្លោះគឺជៀសមិនរួច។

ចំណែកប្រជាពលរដ្ឋកំពុងភៀសខ្លួនម្នាក់ បាននិយាយថា យើងសូមប្រាប់ទៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ថា យើងនឹងវិលត្រឡប់មកផ្ទះរបស់យើងវិញ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *