[Top Story] សម្ដេចតេជោ ប្រកាសមិនផ្តល់ឱកាសឲ្យក្រុមឃាតករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិ និងប្រជាជនកម្ពុជាឡើយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី២៤ ខែកញ្ញានេះ បានមានប្រសាសន៍ បញ្ជាក់តាមបណ្ដាញសង្គមថា ថ្ងៃ២៤កញ្ញា២០២៤នេះ គឺជាខួបលើកទី២៤ឆ្នាំនៃការរួចរស់ជីវិតនៃការប៉ុនប៉ងធ្វើឃាដមកលើរូបខ្ញុំនៅទីក្រុងសៀមរាប (២៤ កញ្ញា ១៩៩៨. ២៤ កញ្ញា ២០២៤)។

សម្ដេចតេជោមានប្រសាសន៍ថា ពិនិត្យមើលត្រឡប់ទៅក្រោយវិញកាលពី២៤ឆ្នាំមុនខ្ញុំមិនគួរមានជិវិតរស់នៅដល់សព្វថ្ងៃនេះទេព្រោះគ្រាប់រ៉ុកែ្កតបេ៤០មួយគ្រាប់ក្នុងចំណោម៤គ្រាប់បានហោះសំដៅរថយន្តខ្ញុំតែវាខុសត្រឹមតែមួយចំអាមពីមុខកញ្ចក់រថយន្តតែប៉ុណ្ណោះ។

សម្ដេចបន្តថា សូមអរព្រះគុណគ្រប់អង្គបារមីដែលតាមការពារខ្ញុំ អរព្រះគុណព្រះភិរុណដែលបានបង្អុរធ្លាក់មកស្ទើរបាក់មេឃតាំងពីម៉ោង៣ទៀបភ្លឺរហូតម៉ោង៨ព្រឹកដែលធ្វើឲ្យខ្សែភ្លើងបញ្ជាគ្រាប់ត្រូវឆ្លងមិនអាចផ្ទុះទាំង៤គ្រាប់បាននៅពេលដែលគេបញ្ជាបាញ់ខ្ញុំនៅម៉ោង8.55នាទីតាមខ្សែភ្លើងពីចម្ងាយ។

សម្ដេចតេជោ បញ្ជាក់ថា ពួកគេចោទខ្ញុំថាជាអ្នកដឹកនាំផ្តាច់ការក្នុងពេលដែលពួកជាឃាដករលាក់មុខជ្រកក្រោមផ្លាកសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។ ខ្ញុំមិនផ្តល់ឱកាសឲ្យក្រុមឃាដករលាក់មុខដែលជាប្រភេទភេរវករមានឱកាសបំផ្លាញជាតិបំផ្លាញជីវិតខ្ញុំនិងក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាតទៅទៀតទេ។ ខ្ញុំអាចនៅសល់ពេល១០ឆ្នាំ២ឬ៣ដងទៀតដើម្បីរារាំងនិងដាក់ទោសពួកភេរវករទាំងនេះ។អាយុមិនអស់មិនស្លាប់ដែលដូនតាបាននិយាយពិតជាត្រឹមត្រូវ៕