ប្រធានាធិបតីអ៊ីរ៉ង់ ចោទប្រកាន់អ៊ីស្រាអែលថា កំពុងស្វែងរកជម្លោះ

ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូត ប៉េហ្សេស្គីអាន(Masoud Pezeshkian) កាលពីថ្ងៃចន្ទ បានចោទប្រកាន់អ៊ីស្រាអែលពីការស្វែងរកជម្លោះកាន់តែរីកធំ ដោយបានទទូចថាទីក្រុងតេអេរ៉ង់ មានបំណងទប់ស្កាត់ជម្លោះ ក្នុងក្តីសង្ឃឹមពីការធានាបានសន្តិភាពនៅក្នុងតំបន់។

លោក Pezeshkian បាននិយាយទៅកាន់អ្នកសារព័ត៌មាន ខណៈលោកចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា «យើងដឹងហើយថា ប្រសិនបើសង្រ្គាមកាន់តែធំត្រូវផ្ទុះឡើងនៅមជ្ឈិមបូព៌ា វានឹងពុំផ្តល់ផលប្រយោជន៍ដល់នរណាម្នាក់នៅទូទាំងពិភពលោកនោះទេ។

លោក Pezeshkian បានឡើងកាន់តំណែងកាលពីខែកក្កដា បានបង្ហាញខ្លួនជាលើកដំបូងនៅអង្គការសហប្រជាជាតិ ក្នុងពេលអ៊ីស្រាអែលវាយប្រហារលើប្រទេសលីបង់ បន្ទាប់ពីរលកនៃការវាយប្រហារដោយឧបករណ៍ទំនាក់ទំនងចល័ត ដែលបានដាក់គោលដៅលើកងជីវពលក្រុមហេសបូឡា គាំទ្រដោយអ៊ីរ៉ង់។

ភាពតានតឹង បានកើនឡើងភ្លាមៗបន្ទាប់ពីការចូលកាន់តំណែងរបស់លោក ខណៈប្រធាននយោបាយ របស់ក្រុមហាម៉ាស ជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលបានវាយប្រហារទឹកដីអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាឆ្នាំមុន ត្រូវបានគេធ្វើឃាតនៅក្នុងប្រតិបត្តិការមួយក្នុងទីក្រុងតេអេរ៉ង់ ដែលត្រូវបានគេសន្មតយ៉ាងទូលំទូលាយថាធ្វើឡើងដោយអ៊ីស្រាអែល។

លោក Pezeshkian បាននិយាយអំពាវនាវពីលោកខាងលិចឲ្យអ៊ីរ៉ង់កុំសងសឹក ដើម្បីកុំឲ្យអន្តរាយដល់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិកសម្រាប់បទឈប់បាញ់នៅតំបន់ហ្កាហ្សា។

លោកបាននិយាយថា «ប៉ុន្តែយើងនឹងមិនឈានដល់សន្តិភាពដ៏ស្ងៀមស្ងាត់នោះទេ» ព្រោះថា ជារៀងរាល់ថ្ងៃអ៊ីស្រាអែល កំពុងប្រព្រឹត្តអំពើដ៏ឃោរឃៅកាន់តែច្រើន ហើយបានសម្លាប់មនុស្សកាន់តែច្រើនឡើងៗ ទាំងមនុស្សចាស់ក្មេង បុរស ស្ត្រី កុមារ បំផ្លាញមន្ទីរពេទ្យ និងអគារជាច្រើនកន្លែងផ្សេងៗទៀត។