ក្រចេះ៖ កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះ ជិតដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន ដោយនៅខ្វះតែ ០,៦០ម៉ែត្រទៀត គិតត្រឹមព្រឹកនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ កម្ពស់ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ មានកម្ពស់ ២១,៤០ម៉ែត្រ ។
នៅព្រឹកថ្ងៃ២៤ ខែកញ្ញានេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានឲ្យដឹងថា តាមការព្យាករណ៍របស់ក្រសួងជំនាញ បានឃើញថា ទឹកទន្លេមេគង្គក្នុងខេត្តក្រចេះ អាចហ្នឹងហក់ឡើងដល់កម្ពស់ ២១,៧៣ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ស្ថានភាពបែបនេះ នឹងបង្កឲ្យមានទឹកជំនន់គ្រប់ពេលវេលាក្នុងមូលដ្ឋានខេត្តក្រចេះ គណៈកម្មការគ្រប់គ្រងគ្រោះមន្តរាយខេត្តក្រចេះ បានធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងខេត្តក្រចេះ ជាពិសេសគ្រួសារ ដែលរស់នៅជាប់ដងទន្លេមេគង្គ ព្រែកជាដើម ។
ការណែនាំខាងលើ មានដូចជា ១. វេចខ្ចប់ស្បៀងអាហារ សម្ភារៈ និងឯកសារសំខាន់ៗទុកជាមុន ។ ២. ប្រមូលនឹងទុកដាក់ភោគផលកសិកម្ម ដែលអាចប្រឈមទៅនឹងទឹកជំនន់ដែលអាចខូចខាតបាត់បង់ធ្ងន់ធ្ងរ ។ ៣. បើគ្មានការចាំបាច់កុំធ្វើដំណើរ ឬ ចេញទៅនេសាទដាច់ខាត។ ៤. ចងរឹតផ្ទះសំបែងឲ្យបានរឹងមាំ ។ ៥. ណែនាំកូនចៅកុំឱ្យនៅជិត ឬលេងតំបន់ងាយរងគ្រោះ ។ ៦. សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទទួលបានព័ត៌មានអំពីទីតាំងដែលត្រូវជម្លៀសនៅបណ្ដោះសន្ន ។ ៧. ចែករំលែកព័ត៌មានបន្តទៅដល់អ្នកដទៃ និង ៨. យកចិត្តទុកដាក់តាមដានប្រព័ន្ធទូរសព្ទ ១២៩៤ ៕
Leave a Reply