មនុស្សជាង ២៥០នាក់ស្លាប់ដោយសារកម្ដៅដ៏ខ្លាំងក្លានៅទីក្រុង Phoenix របស់អាមេរិក

ក្រុមមន្ត្រីបាននិយាយថា ទីក្រុងវាលខ្សាច់ ហ្វីនិច (Phoenix) រដ្ឋ អារីហ្សូណា (Arizona) សហរដ្ឋអាមេរិក បានទទួលរងពីកម្ដៅដ៏ខ្លាំងក្លានៃកំណត់ត្រា ១១៣ថ្ងៃជាប់ៗគ្នា ជាមួយនឹងសីតុណ្ហភាពលើសពី ៣៨ អង្សាសេ (១០០អង្សាហ្វារិនហៃ) នៅឆ្នាំនេះ ដែលនាំឱ្យមនុស្សរាប់រយនាក់បានស្លាប់ដោយសារកម្ដៅ និងផ្ទៃដីជាច្រើនហិកតាត្រូវដុតបំផ្លាញដោយចំហេះព្រៃនៅទូទាំងរដ្ឋ។

ទីក្រុងដែលមានអ្នកស្រុក ១,៦លាននាក់ និងជាទីក្រុងធំជាងគេនៅវាលខ្សាច់ សូណូរ៉ាន (Sonoran) នេះ បានជួបប្រទះរដូវក្តៅដ៏ក្តៅបំផុតដែលមិនធ្លាប់មាន លើសកំណត់ត្រាកាលពីឆ្នាំ២០២៣ ក្នុងតួលេខជិត ២អង្សាសេ នេះបើយោងតាមសេវាអាកាសធាតុជាតិ។ កំណត់ត្រាក្ដៅខ្លាំង ១១៣ថ្ងៃជាប់គ្នា ដែលឈានដល់កាលពីសប្តាហ៍មុននេះ បានបំបែកកំណត់ត្រាមុនរបស់ក្រុង Phoenix ដែលក្ដៅខ្លាំងលើសពី ៣៨ អង្សាសេ ៧៦ថ្ងៃជាប់គ្នា ក្នុងឆ្នាំ១៩៩៣។

យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា កម្ដៅដ៏ក្ដៅគគុកនេះបានសម្លាប់មនុស្ស ២៥៦នាក់ក្នុងឆ្នាំនេះនៅក្នុងតំបន់ ម៉ារីខូផា (Maricopa) នៃទីក្រុង Phoenix និងជាមូលហេតុសង្ស័យនៃការស្លាប់ចំនួន ៣៩៣នាក់ផ្សេងទៀត។ តំបន់នេះធ្លាប់មានកំណត់ត្រាស្លាប់ដោយកម្ដៅចំនួន ៦៤៥នាក់កាលពីឆ្នាំមុន។ ប្រហែលពាក់កណ្តាលនៃការស្លាប់ទាំងនោះគឺជាមនុស្សគ្មានទីជម្រក ដែលជាក្រុមងាយរងគ្រោះបំផុតរបស់តំបន់។

ការស្លាប់បានកើនឡើងខ្លាំងក្នុងខែកក្កដា នៅពេលក្រុង Phoenix មានសីតុណ្ហភាពខ្ពស់ជាប្រចាំជិត ៤៨អង្សាសេ ដែលអ្នកវិទ្យាសាស្ត្រអាកាសធាតុសន្មតថាមកពីការឡើងកម្ដៅផែនដីដោយសារការបំពុលឥន្ធនៈហ្វូស៊ីល។ ការិយាល័យអាកាសធាតុរដ្ឋ Arizona បានឱ្យដឹងថា ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ទីក្រុងវាលខ្សាច់មួយនេះបានជួបប្រទះកម្ដៅខ្លាំងជាមធ្យមចំនួន ៤០ថ្ងៃជាប់គ្នាជាមួយនឹងសីតុណ្ហភាពជាង ៤៣អង្សាសេ ឬខ្ពស់ជាងនេះ បើធៀបនឹងរយៈពេលក្ដៅខ្លាំងជាមធ្យមត្រឹមតែ ៥ថ្ងៃជាប់គ្នាប៉ុណ្ណោះ នៅដើមសតវត្សចុងក្រោយនេះ៕