អាមេរិក ចង់ចោទប្រកាន់ជនសង្ស័យដែលកាន់កាំភ្លើងសម្ងំលាក់ខ្លួនជិតលោក Trump ពីបទប៉ុនប៉ងធ្វើឃាត

ក្រសួងយុត្តិធម៌អាមេរិក គ្រោងនឹងចោទប្រកាន់ជនសង្ស័យម្នាក់ដែលត្រូវ​បានចោទពីបទ​សម្ងំលាក់​ខ្លួន​ដោយមានកាន់កាំភ្លើង​នៅទីលានវាយកូនហ្គោលរដ្ឋហ្វ្លរីដា (Florida) របស់លោកអតីត​ប្រធានាធិបតី Donald Trump ពីបទប៉ុនប៉ងធ្វើឃាតបេក្ខជននយោបាយដ៏សំខាន់មួយរូប ដោយអាចជាប់ពន្ធនាគារអស់មួយជីវិត ប្រសិនបើត្រូវបានកាត់ទោស។

ជនសង្ស័យ រ៉ាយអ៊ិន រ៉ូដ (Ryan Routh) វ័យ ៥៨ឆ្នាំ ត្រូវបានចៅក្រមតុលាការអាមេរិក លោក រ៉ាយអន មែកខាបេ (Ryon McCabe) បញ្ជាឱ្យបន្តឃុំខ្លួននៅក្នុងពន្ធនាគារដោយមិនមានការធានានៅក្រៅឃុំ លើការចោទប្រកាន់ទាក់ទងនឹងកាំភ្លើងចំនួន ២ករណី បន្ទាប់ពីការចាប់ខ្លួននៅថ្ងៃទី១៥ ខែកញ្ញា។

លោក McCabe បាននិយាយថា រដ្ឋអាជ្ញាបានចងក្រងឯកសារលើកិច្ចខិតខំប្រឹងប្រែងរបស់ជនសង្ស័យ Routh ក្នុងការ «តាមដាន» លោក Trump ប្រហែលមួយខែនៅភាគខាងត្បូងរដ្ឋ Florida រួមទាំងលិខិតរៀបគម្រោង «ក្នុងការប៉ុនប៉ងជាក់ស្តែងដើម្បីធ្វើឃាត»។

រដ្ឋអាជ្ញា ម៉ាក ឌីសផូតូ (Mark Dispoto) បាននិយាយថា ក្រសួងយុត្តិធម៌នឹងស្នើឱ្យគណៈវិនិច្ឆ័យ នាំយកការចោទប្រកាន់ពីបទប៉ុនប៉ងធ្វើឃាតដ៏ធ្ងន់ធ្ងរជាងនេះប្រឆាំងនឹងជនសង្ស័យ Routh ដែលត្រូវបានដាក់ខ្នោះដៃជាប់នឹងចង្កេះអំឡុងពេលសវនាការនៅចំពោះមុខចៅក្រម McCabe។

មេធាវីតំណាងចុងចោទ បានព្យាយាមតែមិនជោគជ័យក្នុងការទាមទារឱ្យដោះលែងជនសង្ស័យ Routh លើប្រាក់ធានា ២៥០.០០០ដុល្លារ ដោយចោទសួរលើភស្តុតាងរបស់រដ្ឋអាជ្ញា និងបានលើកហេតុផលថា Routh បានប៉ុនប៉ងជួយដល់លទ្ធិប្រជាធិបតេយ្យប៉ុណ្ណោះរួមទាំងអ៊ុយក្រែន និងកោះតៃវ៉ាន់៕