អតីតរដ្ឋមន្ត្រីដឹកជញ្ជូនសិង្ហបុរី ផ្ដល់ចម្លើយពីភាពមានទោសក្នុងសំណុំរឿងពុករលួយដ៏កក្រើក

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា អតីតរដ្ឋមន្ត្រីដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី លោក ស៊ុប្រាម៉ាណាម អ៊ីស្វារ៉ាន (Subramaniam Iswaran) បានផ្ដល់ចម្លើយពីភាពមានទោសក្នុងការទទួលអំណោយនៅពេលកំពុងកាន់តំណែង នៅថ្ងៃអង្គារ (២៤ កញ្ញា) នេះ ក្នុងការកាត់ក្តីពុករលួយដ៏កម្រមួយពាក់ព័ន្ធនឹងមន្ត្រីរដ្ឋនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ។

នេះជាសំណុំរឿងដ៏កក្រើកនៅក្នុងប្រទេសសម្បូរទ្រព្យ ដែលមានមោទនភាពលើការិយាធិបតេយ្យប្រាក់ខែល្អ និងមានប្រសិទ្ធភាព ព្រមទាំងអភិបាលកិច្ចរឹងមាំរបស់ខ្លួនមួយនេះ។ សារព័ត៌មាន CNA រាយការណ៍ថា នៅក្នុងតុលាការ លោក Iswaran បានផ្ដល់ចម្លើយពីភាពមានទោសចំពោះការចោទប្រកាន់ពីបទរារាំងយុត្តិធម៌ និងការទទួលយករបស់មានតម្លៃដោយមិនបង់ប្រាក់ ឬដោយការទូទាត់មិនពេញលេញ ជំនួសឱ្យការចោទប្រកាន់ដែលរួមបញ្ចូលអំពើពុករលួយ។

CNA បន្ថែមថា រដ្ឋអាជ្ញាក៏បានបន្ថយការចោទប្រកាន់របស់លោក Iswaran មកត្រឹម ៥ករណីពីចំនួន ៣៥ករណី ដោយបានបន្ថែមថា ការចោទប្រកាន់ ៣០ករណី ដែលនៅសល់នឹងត្រូវយកមកពិចារណាសម្រាប់ការកាត់ទោស។ បទចោទដែលមន្រ្តីរាជការទទួលយកអំណោយមានតម្លៃថ្លៃ មានទោសជាប់ពន្ធនាគាររហូតដល់ ២ឆ្នាំ និងពិន័យជាប្រាក់។ ចំពោះបទរារាំងយុត្តិធម៌ លោក Iswaran អាចត្រូវផ្ដន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៧ឆ្នាំ និងពិន័យជាប្រាក់។

គួររម្លឹកថា លោក Iswaran វ័យ ៦២ឆ្នាំដែលបានចូលរួមគណៈរដ្ឋមន្ត្រីក្នុងឆ្នាំ២០០៦ ត្រូវបានចាប់ខ្លួនកាលពីខែកក្កដា ឆ្នាំមុន ហើយត្រូវចោទប្រកាន់ពីបទយកប្រាក់រាប់សិបម៉ឺនដុល្លារពីមហាសេដ្ឋី អ៊ឹង បេងសេង (Ong Beng Seng)។ លោក Iswaran ធ្លាប់បានបដិសេធការចោទប្រកាន់នេះ នៅពេលលោកលាលែងពីគណៈរដ្ឋមន្ត្រី។

ករណីពុករលួយចុងក្រោយដែលពាក់ព័ន្ធនឹងរដ្ឋមន្ត្រីសិង្ហបុរីគឺនៅឆ្នាំ១៩៨៦ នៅពេលដែលរដ្ឋមន្ត្រីអភិវឌ្ឍន៍ជាតិត្រូវបានស៊ើបអង្កេតពីបទទទួលសំណូក។ រដ្ឋមន្ត្រីរូបនោះបានស្លាប់មុនពេលកអាចត្រូវចោទប្រកាន់នៅតុលាការ៕