ចំហេះព្រៃរាលដាលខ្លាំងនៅរដ្ឋធានីប្រទេសអេក្វាឌ័រ ដែលរងគ្រោះរាំងស្ងួតធ្ងន់ធ្ងរ

ចំហេះព្រៃដ៏សន្ធោសន្ធៅបានឆាបឆេះពាសពេញរដ្ឋធានី គីតូ នៃប្រទេសអេក្វាឌ័រ ជាមួយនឹងផ្សែងដ៏ក្រាស់ ដែលគំរាមកំហែងដល់ផ្ទះសម្បែងកាលពីថ្ងៃអង្គារ (២៤ កញ្ញា) ខណៈអាជ្ញាធរបានប្រញាប់ប្រញាល់គ្រប់គ្រងអណ្ដាតភ្លើងស្របពេលដែលគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្របានប៉ះពាល់ដល់ធនធានរបស់ប្រទេស។

លោកប្រធានាធិបតី ដានីញែល ណូបូអា (Daniel Noboa) បាននិយាយថា កងកម្លាំងប្រដាប់អាវុធត្រូវបានដាក់ពង្រាយដើម្បីប្រយុទ្ធប្រឆាំងនឹងចំហេះ ដែលបានចាប់ផ្តើមនៅពាក់កណ្តាលថ្ងៃត្រង់នៅក្នុងតំបន់ ក្វ័រពូឡូ (Guapulo) ហើយបានរាលដាលបន្តិចម្តងៗទៅកាន់លំនៅដ្ឋានរបស់អ្នកស្រុក និងតំបន់ព្រៃឈើនៅក្បែរនោះ។

អ្នកស្រុកបាននិយាយថា ពួកគេប្រឹងប្រែងទាំងអស់សង្ឃឹមដើម្បីព្យាយាមពន្លត់អណ្ដាតភ្លើង។ ពុំមានអ្នកស្លាប់ ឬរបួសធ្ងន់ធ្ងរត្រូវបានគេរាយការណ៍ឡើយ។ ក្រុមពន្លត់អគ្គិភ័យរបស់ទីក្រុងគីតូបាននិយាយថា កងកម្លាំងរបស់ខ្លួនត្រូវបានដាក់ពង្រាយទាំងស្រុង ហើយអង្គភាពរបស់ខ្លួនបន្តទប់ទល់នឹងចំហេះពេញមួយយប់។

គ្រោះរាំងស្ងួតដ៏អាក្រក់បំផុតរបស់អេក្វាឌ័រ ក្នុងរយៈពេលជាង ៦០ឆ្នាំ បានធ្វើឱ្យប្រទេសដែលពឹងផ្អែកលើវារីអគ្គិសនីមួយនេះធ្លាក់ចូលទៅក្នុងវិបត្តិថាមពល ខណៈអាងស្តុកទឹកដែលថយចុះ បង្កការប៉ះពាល់ដល់ទំនប់វារីអគ្គិសនី។ រដ្ឋមន្ត្រីថាមពលរបស់ប្រទេស បានប្រកាសពីការកាត់ផ្តាច់ចរន្តអគ្គិសនីរយៈពេល ១២ម៉ោងនៅទូទាំងប្រទេសកាលពីថ្ងៃចន្ទ ហើយបាននិយាយថា រដូវប្រាំងរបស់ប្រទេសបានចាប់ផ្តើមពីរខែលឿនជាងធម្មតា៕