ព្រះមហាក្សត្រថៃ រាជានុម័តលើច្បាប់រៀបការសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា

ព្រះមហាក្សត្ររបស់ប្រទេសថៃ បានប្រទានរាជានុម័តច្បាប់សមភាពអាពាហ៍ពិពាហ៍ ដែលបានអនុម័តដោយសភាកាលពីដើមឆ្នាំនេះ ដោយធ្វើឱ្យព្រះរាជាណាចក្រនេះក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ និងជាអ្នកទី៣ នៅអាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍របស់គូស្នេហ៍ភេទដូចគ្នា។

រាជានុម័តរបស់ព្រះមហាក្សត្រត្រូវបានបោះពុម្ពផ្សាយនៅក្នុងកាសែតប្រចាំរាជវាំងកាលពីល្ងាចថ្ងៃអង្គារ (២៤ កញ្ញា) មានន័យថា សំណើច្បាប់នេះនឹងចូលជាធរមានក្នុងរយៈពេល ១២០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ ច្បាប់ដែលជាចំណុចសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរយៈពេលពីរទសវត្សរ៍ដោយសកម្មជន ត្រូវបានអនុម័តដោយព្រឹទ្ធសភាកាលពីខែមិថុនា។

ប្រទេសថៃ ដែលជាគោលដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយរបស់អាស៊ី មានភាពល្បីល្បាញចំពោះវប្បធម៌ និងការអត់ឱនចំពោះអ្នកស្រឡាញ់ភេទដូចគ្នារបស់ខ្លួន។ ជាមួយនឹងសំណើច្បាប់ជាប្រវត្តិសាស្ត្រនេះ ប្រទេសថៃបានក្លាយជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍ដែលផ្ដល់ភាពស្របច្បាប់ក្នុងអាពាហ៍ពិពាហ៍ភេទដូចគ្នា និងជាអ្នកទីបីក្នុងអាស៊ី បន្ទាប់ពីនេប៉ាល់ និងកោះតៃវ៉ាន់។

រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានដាក់សមភាពអាពាហ៍ពិពាហ៍ក្នុងចំណោមគោលដៅចម្បងរបស់ខ្លួន និងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកំណត់អត្តសញ្ញាណខ្លួនជាមួយនឹងក្បួនដង្ហែទិវាឥន្ទធនូ (ទិវាសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា) នៅទីក្រុងបាងកកប្រចាំឆ្នាំ ក្នុងខែមិថុនា ដែលមនុស្សរាប់ពាន់នាក់បានប្រារព្ធនៅក្នុងតំបន់ពាណិជ្ជកម្មដ៏មមាញឹកបំផុតមួយរបស់រាជធានីថៃ៕