តំណាងក្រុមហ៊ុនឧស្សាហកម្មទេសចរណ៍លំដាប់ពិភពលោក គ្រោងមកទស្សនកិច្ចនៅកម្ពុជាឆាប់ៗ

តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅ​លើ​ពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពី​បច្ចុប្បន្ន​ភាព​លើ​វិស័យ​ទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ​ទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយ​តំណាង​ក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មាន​វត្តមាន​នៅ​តំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។

តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបាន​ជ្រាប​ថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុ​ជាមាន​សក្តានុពល​ទេសចរណ៍​ដ៏​ស្រស់​ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និង​អរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បាន​អញ្ជើញ​គណៈ​ប្រតិភូ​របស់​ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាព​ជាក់ស្ដែង​នៃ​បរិយាស​កាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បី​បាន​ជា​មូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្ម​ទេសចរណ៍​នៅ​ក្នុងប្រទេសកម្ពុជា។

ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate ក៏បានឯកភាព តាមការអញ្ជើញ​របស់​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ដោយគ្រោង នឹងធ្វើដំណើរទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និង​វឌ្ឍនភាព នៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុង​មាន​វត្តមាន​នៅ​កម្ពុជា​ផង​ដែរ។

ជុំវិញវិស័យទេសចរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្មីៗនេះ បានបញ្ជាក់ថា ក្នុង​នាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេស​កម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា, ក្នុងនោះ ឯកឧត្តម បានស្នើសុំ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុង​កម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោម​តាម​កម្ម​វិធី​នយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យ​វែងឆ្ងាយ​របស់​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី