តំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្មទេសចរណ៍ ដ៏ធំនៅលើពិភពលោក គ្រោងនឹងធ្វើដំណើរ ទស្សនកិច្ច ដើម្បីសិក្សាស្វែងយល់ អំពីបច្ចុប្បន្នភាពលើវិស័យទេសចរណ៍នៅកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានជួបពិភាក្សាការងារ តាមប្រព័ន្ធវីដេអូពីចម្ងាយ ជាមួយតំណាងក្រុមហ៊ុន Highgate ដែលជាក្រុមហ៊ុនវិនិយោគលើឧស្សាហកម្ម ទេសចរណ៍ដ៏ធំ មានវត្តមាននៅតំបន់ជាច្រើនជុំវិញពិភពលោកដូចជា អាមេរិកខាងជើង ការីបៀន អាមេរិកឡាទីន និងអឺរ៉ុបជាដើម។
តាមរយៈជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបដល់តំណាងក្រុមហ៊ុន ឱ្យបានជ្រាបថា បើទោះបីកម្ពុជា ជាប្រទេសតូចពិតមែនក្ដី ប៉ុន្តែកម្ពុជាមានសក្តានុពលទេសចរណ៍ដ៏ស្រស់ត្រកាល និងសម្បូរបែប ដោយរួមបញ្ចូលទាំងធនធានធម្មជាតិ ក៏ដូចជាសម្បត្តិវប្បធម៌រូបិយ និងអរូបិយ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញគណៈប្រតិភូរបស់ក្រុមហ៊ុន Highgate ស្វែងរកឱកាសចុះមកបំពេញទស្សនកិច្ច ពិនិត្យមើលស្ថានភាពជាក់ស្ដែងនៃបរិយាសកាសវិនិយោគ និងធ្វើដំណើរ កំសាន្តទៅតាមតំបន់ដែលមានសក្ដានុពលនានា ដើម្បីបានជាមូលដ្ឋាន ក្នុងការពិនិត្យលទ្ធភាពពិចារណាលើការបោះទុនវិនិយោគ ក្នុង ឧស្សាហកម្មទេសចរណ៍នៅក្នុងប្រទេសកម្ពុជា។
ជាការឆ្លើយតប តំណាងក្រុមហ៊ុន Highgate ក៏បានឯកភាព តាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដោយគ្រោង នឹងធ្វើដំណើរទស្សនកិច្ចមកប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខ ដើម្បីសិក្សាស្វែងយល់បន្ថែម អំពីបច្ចុប្បន្នភាពនៃវិស័យទេសចរណ៍ បដិសណ្ឋារកិច្ច និងវឌ្ឍនភាព នៃការវិនិយោគក្នុងចង្កោមសណ្ឋាគារកម្រិតពិភពលោក ដែលកំពុងមានវត្តមាននៅកម្ពុជាផងដែរ។
ជុំវិញវិស័យទេសចរនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្មីៗនេះ បានបញ្ជាក់ថា ក្នុងនាមយើងម្នាក់ៗ ជាប្រជាពលរដ្ឋ កម្ពុជាគ្រប់ស្រទាប់វណ្ណៈ គួរចូលរួមផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ ព័ត៌មានវិជ្ជមានអំពីកម្ពុជា និងផលិតផលនៅក្នុងវិស័យទេសចរណ៍ របស់ប្រទេសកម្ពុជា ជាពិសេសផលិតផលដែលធ្វើដោយដៃនៅកម្ពុជា, ក្នុងនោះ ឯកឧត្តម បានស្នើសុំឱ្យមានកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយក្រសួង-ស្ថាប័ននានា ភាគីពាក់ព័ន្ធ និងដៃគូអន្តរជាតិ ក្នុងកម្រិតអនុតំបន់ តំបន់ និងពិភពលោក ដើម្បីចូលរួម អភិវឌ្ឍវិស័យទេសចរណ៍ អនុលោមតាមកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាល ទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ភាពប៉ិនប្រសប់ និងចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី
Leave a Reply