ចិន៖ការបាញ់មីស៊ីលICBM គឺជាទម្លាប់ គ្មានការផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរឡើយ

ប្រទេសចិនបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ការបាញ់សាកល្បងមីស៊ីលផ្លោងអន្តរទ្វីប ICBM របស់ខ្លួនគឺ “ស្របច្បាប់ និងជាទម្លាប់” ហើយថា ខ្លួនមិនបានផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនឡើយ បន្ទាប់ពីការបាញ់បង្កឱ្យមានការរិះគន់ពីមហាអំណាចក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការពារជាតិចិនលោក ចាង សៀវកាង (Zhang Xiaogang) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា ការបាញ់មីស៊ីលបាលីស្ទីក ICBM គឺដើម្បីសាកល្បងសមត្ថភាពអាវុធ និងការហ្វឹកហាត់របស់យើង។ នោះគឺជាការរៀបចំស្របច្បាប់ និងជាទម្លាប់សម្រាប់ការបណ្តុះបណ្តាលយោធា។ លោក ចាង បាននិយាយថា គោលនយោបាយនុយក្លេអ៊ែររបស់ប្រទេសចិនមានស្ថេរភាព សមស្រប និងអាចព្យាករណ៍បាន។ យើងអនុវត្តតាមយ៉ាងតឹងរ៉ឹងនូវគោលនយោបាយនុយក្លេអ៊ែរដែលមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរមុន និងបន្តយុទ្ធសាស្រ្តនុយក្លេអ៊ែរស្វ័យការពារ។

លោកបាននិយាយថា ប្រទេសចិនមិនស្វែងរកការរត់ប្រណាំងសព្វាវុធឡើយ ហើយបានសន្យាថានឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងរដ្ឋគ្មានអាវុធនុយក្លេអ៊ែរ ឬតំបន់គ្មានអាវុធនោះឡើយ។

លោកបាននិយាយថា ប្រទេសចិននឹងបន្តរក្សាសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួននៅកម្រិតអប្បបរមាដែលត្រូវការសម្រាប់សន្តិសុខជាតិ។

ប្រទេសចិនបានប្រកាសការសាកល្បងដ៏កម្រកាលពីថ្ងៃពុធសប្ដាហ៍នេះ ជាលើកដំបូងក្នុងរយៈពេល៤ទសវត្សរ៍ ដោយនិយាយថា មីស៊ីលនេះបានបំពាក់ក្បាលគ្រាប់សិប្បនិម្ម៕