អ៊ីស្រាអែល និយាយថា បានស្ទាក់ចាប់មីស៊ីល ដែលបាញ់ចេញពីប្រទេសយេម៉ែន

កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានស្ទាក់ចាប់មីស៊ីលដែលបានបាញ់ចេញពីប្រទេសយេម៉ែន បន្ទាប់ពីស៊ីរ៉ែន និងការផ្ទុះជាច្រើន ត្រូវបានគេឮ នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ។

កងទ័ព បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា បន្ទាប់ពីសំឡេងស៊ីរ៉ែនដែលបានរោទិ៍ឡើងនៅអ៊ីស្រាអែលភាគកណ្តាល មីស៊ីលបាញ់ចេញពីប្រទេសយេម៉ែនត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធស្ទាក់ចាប់ «តាមមុខព្រួញ» នៅខាងក្រៅទឹកដីអ៊ីស្រាអែល។

ក្រុមសកម្មប្រយុទ្ធហ៊ូទីនៅយេម៉ែន បានបាញ់មីស៊ីល និងបង្ហោះយានដ្រូនចូលទៅកាន់អ៊ីស្រាអែលម្តងហើយម្តងទៀត ជាអ្វីដែលពួកគេនិយាយថាជាសាមគ្គីភាពជាមួយពលរដ្ឋប៉ាឡេស្ទីន ចាប់តាំងពីសង្រ្គាមនៅតំបន់ហ្កាហ្សា ចាប់ផ្តើមដោយការវាយប្រហាររបស់ក្រុមហាម៉ាសលើអ៊ីស្រាអែល កាលពីថ្ងៃទី ៧ ខែតុលា។

កាលពីខែកក្កដា ក្រុមឧទ្ទាមហ៊ូទី បានបាញ់ដោយប្រើប្រាស់យានដ្រូននៅទីក្រុង Tel Aviv ជាលើកដំបូង ដោយបានសម្លាប់មនុស្សម្នាក់ និងរបួស៤នាក់ផ្សេងទៀត។ ក្នុងការឆ្លើយតប អ៊ីស្រាអែលបាន វាយប្រហារតាមអាកាស លើគោលដៅយោធារបស់ក្រុមហ៊ូទី នៅជិតកំពង់ផែ Hodeidah បានសម្លាប់មនុស្ស៦នាក់ និងរបួស៨០នាក់ ។

កាលពីដើមខែនេះ ពួកគេបានបាញ់មីស៊ីលចូលទៅដល់អ៊ីស្រាអែលភាគកណ្តាល ដែលអ៊ីស្រាអែល និយាយថា ត្រូវបានស្ទាក់ចាប់ ហើយបំបែកនៅលើអាកាស។