ស្ថានទូតចិនប្រចាំកម្ពុជាប្រារព្ធពិធីអបអរសាទរខួបលើកទី៧៥ឆ្នាំនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន

ភ្នំពេញ ៖ នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថានទូតចិនប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ ឆ្នាំ (១ តុលា ១៩៤៩-១ តុលា ២០២៤) នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន។

​ក្នុងឱកាសនោះ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជាបានថ្លែងសុន្ទរកថា ប្រកបដោយអត្ថន័យនៅក្នុងពិធីនេះ។ តាមរយៈសុន្ទរកថា ឯកឧត្តម វ៉ាង វិនពីន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលចិនសម្រេចបានក្រោយពេលសាធារណរដ្ឋប្រជាមានិតចិនត្រូវបានបង្កើតឡើង និងស្មារតីនៃសម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការកណ្តាលគណបក្សកុម្មុនិស្តលើកទី២០។

ឯកឧត្តមមានប្រសាសន៍ថា ភាគីចិនរីករាយក្នុងការរួមគ្នាជាមួយភាគីកម្ពុជាដើម្បីជំរុញការកសាងសហគមន៍វាសនារួមក្នុងយុគសម័យថ្មីនេះ ពួតដៃគ្នាជាមួយកម្ពុជាដើម្បីសម្រេចបាននូវការអភិវឌ្ឍនិងរីកចម្រើនសម្រាប់ប្រជាជាតិប្រទេសទាំងពីរ។

ចំណែកឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងកោតសរសើរអំពីតួនាទីដ៏សំខាន់របស់ប្រទេសចិនក្នុងការជំរុញនិងរក្សាសន្តិភាពនិងការអភិវឌ្ឍសម្រាប់ពិភពលោកនិងតំបន់។ ឯកឧត្តមមានប្រសាសន៍ថា ភាគីកម្ពុជារីករាយក្នុងការរួមគ្នាជាមួយភាគីចិនដើម្បីបន្តទំនាក់ទំនងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ ផ្តល់ប្រយោជន៍ជូនប្រទេសទាំងពីរនិងប្រជាជនប្រទេសទាំងពីរឱ្យបានកាន់តែច្រើនបន្ថែមទៀត។

ឯកឧត្តមបានបន្ថែមទៀតថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតអស់រយៈពេល ៦៦ ឆ្នាំមកនេះ ទំនាក់ទំនងមិត្តភាពកម្ពុជា-ចិនដែលត្រូវបានពូនជ្រំដោយយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំជំនាន់ក្រោយៗនៃប្រទេសទាំងពីរ កំពុងបន្តរីកចម្រើនកាន់តែរឹងមាំឥតឈប់ឈរ។ កម្ពុជានិងចិនបានកសាងទំនាក់ទំនងមិត្តភាពដែកថែបដោយផ្អែកលើគោលការណ៍ស្មើភាពគ្នា គោរពគ្នាទៅវិញទៅមក និងការជឿទុកចិត្តគ្នា ហើយកត្តាទាំងនេះបានធ្វើឱ្យចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែស្អិតល្មួតពីមួយថ្ងៃទៅមួយថ្ងៃ ហើយក្លាយជាដៃគូពាណិជ្ជកម្មយ៉ាងសំខាន់។

តាងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាជនចិន ដែលតែងតែគាំទ្រមាគ៌ាអភិវឌ្ឍន៍របស់កម្ពុជា ស្របតាមលក្ខខណ្ឌជាតិខ្លួន តាមរយៈការផ្តល់ជំនួយអភិវឌ្ឍន៍ និងការឧបត្ថម្ភនានាលើវិស័យជាច្រើន ជាពិសេសលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗ វិស័យដឹកជញ្ជូន ថាមពល និង កសិកម្មជាដើម ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា ព្រមទាំងរួមចំណែកដល់ការពង្រឹងឯករាជ្យភាពនិងកិត្យានុភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ៕