សម្ដេចតេជោស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹត្ធសភានៃកម្ពុជា នៅព្រលប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញសារមួយនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយបានស្នើទៅកាន់ រាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram ខណៈបច្ចុប្បន្នកំពុងមានបញ្ហា។

សម្ដេចតេជោ មានប្រសាសន៍បញ្ជាក់ថា៖«ប៉ុន្មានខែមកនេះតេឡេក្រាម (Telegram) របស់ខ្ញុំទទួលសារបានតែមិនអាចបញ្ជូនសារចេញបានទាំងអក្សរ ទាំងសារសម្លេង ប្រសិនជាចេញបានក៏ត្រូវរង់ចាំ ដែលធ្វើឲ្យអ្នកផ្ញើសារមកខ្ញុំតាមតេឡេក្រាមមិនបានឆ្លើយតបពីខ្ញុំ ឬត្រូវឆ្លើយយឺត។ ខ្ញុំសូមបងប្អូនដែលមានទំនាក់ជាមួយខ្ញុំងាកមកប្រើតាម WhatsApp ពិសេសតាម CoolApp ដែលជារបស់ខ្មែរ»។

សម្ដេចតេជោបន្តថា ដោយសារមានព័ត៌មានជាច្រើនបានផ្សាយពីការបែកធ្លាយទិន្នន័យបុគ្គលតាម Telegram នៅតាមប្រទេសមួយចំនួនបានធ្វើឲ្យសម្ដេចព្រួយបារម្មណ៍ពីសន្តិសុខជាតិ និងសុវត្តិភាពព័ត៌មានផ្ទាល់ខ្លួនរបស់ប្រជាជនម្នាក់ៗ។

សម្ដេចថ្លែងថា៖«ដោយកង្វល់ពីបញ្ហាដូចបានលើកឡើងខាងលើ ខ្ញុំស្នើរាជរដ្ឋាភិបាលបង្កើតគ្រុប CoolApp របស់រាជរដ្ឋាភិបាលរបស់ស្ថាបន័ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ របស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទជំនួសឲ្យ Telegram»។

ចំណែកស្ថាប័នផ្សេងទៀតដូចជា ព្រឹទ្ធសភា រដ្ឋសភា តុលាការ សម្ដេចបញ្ជាក់ថា ក៏គួររៀបចំគ្រុប CoolApp ផងដែរ។ មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ និងប្រជាជន ដែលប្រើស្មាតហ្វូនក៏គប្បីបង្កើត CoolApp ដើម្បីប្រើតាមការស្ម័គ្រចិត្ត។

សម្ដេចតេជោមានប្រសាសន៍ថានេះមិនមែនជាការបង្ខិតបង្ខំឲ្យប្រើប្រាស់ CoolApp ទេ តែជាការដាស់តឿនសម្រាប់ធានាដល់សន្តិសុខជាតិ និងសន្តិសុខផ្ទាល់ខ្លួន អាស្រ័យដោយ CoolApp ជារបស់ខ្មែរក្នុងដែនសុវត្តិភាពរបស់កម្ពុជា និងម្យ៉ាងទៀត CoolApp ក៏ប្រើប្រាស់បាននៅទូទាំង ពិភពលោក ដូចប្រព័ន្ធដ៏ទៃទៀតដែរ ខុសគ្នាត្រង់ CoolApp មិនអាចឲ្យបរទេសចូលយកទិន្នន័យរបស់រដ្ឋ ឬ ឯកជនបាននោះឡើយ។ យើងត្រូវការប្រព័ន្ធល្បឿនលឿន និងច្បាស់ទាំងសម្លេងទាំងរូបភាពដូច CoolApp សព្វថ្ងៃ ព្រមទាំងត្រូវការរក្សាការសម្ងាត់របស់ជាតិក៏ដូចជា បុគ្គលម្នាក់ៗផងដែរ។

បើតាមប្រសាសន៍សម្ដេចតេជោ បច្ចុប្បន្នអ្នកប្រើប្រាស់ CoolApp បានកើនលឿនរហូតដល់៣០ម៉ឺននាក់ និងប្រើប្រាស់ប្រព័ន្ធ Encryption ដូចកម្មវិធីបរទេសដែរ មិនអាចជនណាម្នាក់មើលសាររបស់យើងបានឡើយ សូម្បីតែក្រុមហ៊ុនផ្ទាល់ក៏ដោយ។ កម្ពុជាមាន CoolApp ក៏ជាមោទនភាពរបស់ខ្មែរយើងដែរ ព្រោះសមាជិកអាស៊ានទាំងអស់ មានតែ វៀតណាម និងកម្ពុជា៕