យ៉ាងហោចណាស់មានមនុស្ស២៥នាក់អាចនឹងបាត់បង់ជីវិត ក្នុងហេតុការណ៍ឆេះរថយន្តក្រុងដឹកសិស្សនៅប្រទេសថៃ

ថៃ៖ មន្ត្រីមូលដ្ឋាន និយាយថា ករណីអគ្គិភ័យឆាបឆេះ រថយន្តក្រុងដឹកសិស្ស និងគ្រូចំនួន ៤៤ នាក់ អំឡុងដំណើរកម្សាន្តរបស់សាលារៀន នៅក្នុងខេត្តបទុមធានី (Pathum Thani) ក្បែរទីក្រុងបាងកក ប្រទេសថៃឡង់ដ៍ អាចនឹងមានអ្នកស្លាប់ ២៥ នាក់ ។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លោក សុរិយា ជឿងរុងរឿងគីត (Suriya Juangroongruangkit) មានប្រសាសន៍ថា «របាយការណ៍បឋម ឱ្យដឹងថា មានមនុស្សជិះរថយន្តក្រុងចំនួន ៤៤ នាក់ សិស្ស ៣៨ នាក់ និងគ្រូបង្រៀន ៦ នាក់» ។ លោកបានបន្តរៀបរាប់ទៀតថា «សិស្ស១៦នាក់ និងគ្រូ៣នាក់ ត្រូវអាជ្ញាធរបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល» ។

សមត្ថកិច្ចថៃ មិនទាន់អាចបញ្ជាក់ភ្លាមៗនូវតួលេខអ្នកស្លាប់ និងរបួសនៅឡើយទេ ប៉ុន្តែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អនុទីន ចន្ទវីរគុល (Anutin Charnvirakul) បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា មនុស្សប្រហែល ២៥ នាក់ ព្រួយបារម្ភថាអាចនឹងស្លាប់ ដោយលោកមិនបានបញ្ជាក់លម្អិតបន្ថែមនោះទេ ។

អ្នកមើលការខុសត្រូវអាយុ ៥០ ឆ្នាំម្នាក់ និយាយថា ឧបទ្ទវហេតុឆេះរថយន្តក្រុងសាលារៀន នៅថ្ងៃអង្គារនេះ កើតឡើងនៅពេលសំបកកង់រថយន្តផ្ទុះ ធ្វើឱ្យអ្នកបើកបរបាត់បង់លំនឹង និងរេចង្កូតទៅបុករបាំងទ្រូងផ្លូវ រួចក៏បណ្តាលឱ្យកើតមានអគ្គិភ័យឆាបឆេះរថយន្តតែម្តង ។

គួររំឮកថា ប្រទេសថៃឡង់ដ៍ មានកំណត់ត្រាសុវត្ថិភាពចរាចរណ៍មិនសូវល្អប៉ុន្មានឡើយនៅក្នុងពិភពលោក ដោយយានយន្តមិនមានសុវត្ថិភាព និងការបើកបរមិនត្រឹមត្រូវ បានរួមចំណែកដល់អត្រាមរណភាពខ្ពស់ប្រចាំឆ្នាំ ៕