UN៖ មនុស្សជាង៥លាននាក់នៅអាហ្វ្រិកកណ្តាលនិងខាងលិច រងផលប៉ះពាល់ដោយទឹកជំនន់

ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សជាង ៥លាននាក់នៅក្នុងប្រទេសចំនួន១៦ នៅអាហ្វ្រិកខាងលិច និងកណ្តាល បានរងផលប៉ះពាល់ដោយទឹកជំនន់នៅក្នុងឆ្នាំនេះ ។

ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បាននិយាយថា នៅអាហ្វ្រិកខាងលិច និងកណ្តាល ទឹកជំនន់បានហក់ឡើងដល់កម្រិតដ៏មហន្តរាយ ដោយប្រទេសឆាដ នីហ្សេ និងនីហ្សេរីយ៉ា ស្ថិតក្នុងចំណោមប្រទេសដែលរងគ្រោះខ្លាំងបំផុត ដែលប្រជាជនជាង៨០ ភាគរយ រងផលប៉ះពាល់។

ការិយាល័យបាននិយាយថា មនុស្សជាង ១.០០០នាក់បានស្លាប់ ហើយយ៉ាងហោចណាស់មនុស្ស ៧៤០.០០០នាក់ បានភៀសខ្លួនចេញ។ បន្ថែមលើនេះ លំនៅឋានរាប់សែនខ្នង សាលារៀនជាង១០០កន្លែង និងមណ្ឌលសុខភាពរាប់សិបកន្លែងត្រូវរងការខូចខាត ហើយដីស្រែចម្ការជាង២សែនហិចតា ក៏បានរងផលប៉ះពាល់។

អង្គការOCHA និយាយថា ដោយគ្មានជំនួយគ្រប់គ្រាន់ ទឹកជំនន់គំរាមកំហែងរារាំងដល់ការបើកសាលារៀនឡើងវិញ ដោយឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមនៅខែនេះ។

ទឹកជំនន់ ធ្វើឱ្យអសន្តិសុខស្បៀងដែលមានស្រាប់រួចទៅហើយនោះ កាន់តែធ្ងន់ធ្ងរឡើង ជាពិសេសនៅប្រទេសឆាដ និងប្រទេសនីហ្សេ។

អង្គការ OCHA បាននិយាយថា ស្ថានភាពរស់នៅមិនច្បាស់លាស់របស់ប្រជាជនដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក៏បង្កើនហានិភ័យនៃជំងឺបង្កឡើងដោយទឹក ដូចជាជំងឺអាសន្នរោគដែលកំពុងរីករាលដាលនៅក្នុងតំបន់ជាច្រើននៅប្រទេសនីហ្សេ និងនីហ្សេរីយ៉ា។