រដ្ឋាភិបាលសហភាពអឺរ៉ុបប្រឈមនឹងការបោះឆ្នោតសំខាន់លើការដំឡើងពន្ធរថយន្តអគ្គិសនីរបស់ចិន

សមាជិកសហភាពអឺរ៉ុបប្រឈមនឹងការបោះឆ្នោតដ៏សំខាន់មួយនៅថ្ងៃសុក្រនេះ ថាតើត្រូវដំឡើងពន្ធរហូតដល់ ៤៥% លើការនាំចូលរថយន្តអគ្គិសនីផលិតដោយប្រទេសចិនឬយ៉ាងណា អំឡុងមានភាពតានតឹងផ្នែកពាណិជ្ជកម្មក្នុងប្លុកនេះ ដែលប្រឈមនឹងការសងសឹកពីទីក្រុងប៉េកាំង។

គណៈកម្មការអឺរ៉ុបដែលត្រួតពិនិត្យគោលនយោបាយពាណិជ្ជកម្មរបស់ប្លុកនេះ បានស្នើកាតព្វកិច្ចចុងក្រោយសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីប្រឆាំងនឹងអ្វីដែលខ្លួនមើលឃើញថាជាការឧបត្ថម្ភធនរបស់ចិនមិនយុត្តិធម៌បន្ទាប់ពីការស៊ើបអង្កេតប្រឆាំងនឹងការឧបត្ថម្ភធនអស់រយៈពេលមួយឆ្នាំ។

នៅក្រោមច្បាប់របស់សហភាពអឺរ៉ុប គណៈកម្មការអាចដំឡើងពន្ធសម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ លុះត្រាតែប្រទេសចំនួន ១៥ ក្នុងចំណោមសមាជិកសហភាពអឺរ៉ុបតំណាងឱ្យ ៦៥% នៃចំនួនប្រជាជនសហភាពអឺរ៉ុបបោះឆ្នោតប្រឆាំងនឹងផែនការនេះ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃពុធថា ប្រទេសបារាំង ក្រិក អ៊ីតាលី និងប៉ូឡូញ នឹងបោះឆ្នោតគាំទ្រ ដែលគ្រប់គ្រាន់ក្នុងការបញ្ចៀសការរារាំងភាគច្រើនប្រឆាំងនឹងការដំឡើងពន្ធនេះ។

ក្នុងករណីពុំទទួលបានសំឡេងភាគច្រើនក៏ដោយ គណៈកម្មការប្រតិបត្តិសហភាពអឺរ៉ុបអាចអនុម័តការដំឡើងពន្ធនេះ ប៉ុន្តែក៏អាចដាក់សំណើដែលបានធ្វើវិសោធនកម្មរួចហើយ បានដែរ ប្រសិនបើចង់ទទួលបានការគាំទ្រកាន់តែទូលំទូកលាយ៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *