រាជរដ្ឋាភិបាលកំពុងផ្ដល់ការអនុគ្រោះថ្លៃអគ្គិសនីដល់រោងម៉ាស៊ីនសម្ងួតស្រូវ ក្នុងន័យ​ជួយ​ដល់កសិករ

ភ្នំពេញ៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​កំពុងផ្ដល់​នូវ​ការអនុគ្រោះថ្លៃថាមពលអគ្គិសនី ចំពោះរោងម៉ាស៊ីនកិនស្រូវ និងអ្នក​សម្ងួត​ស្រូវ​នា​រដូវ​ប្រមូល​ផល ក្នុងន័យជួយដល់កសិករ ដើម្បីជំរុញផលិតកម្មស្រូវនាំទៅកាន់ទីផ្សារអន្តរជាតិ ។

ក្នុងសន្និសីទសារព័ត៌មានស្តីពី គោលនយោបាយថាមពលកម្ពុជា កាលរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម កែវ រតនៈ មានប្រសាសន៍ថា ពាក់ព័ន្ធនឹងវិស័យថាមពលអគ្គិសនី រាជរដ្ឋាភិបាល​បានខិតខំខ្លាំងណាស់ ក្នុងការអនុគ្រោះទៅដល់ប្រជាពលរដ្ឋ និងអ្នកធ្វើ​អាជីវកម្ម​លើ​វិស័យ​កសិកម្មជាដើម ដូចជាមិនយកតម្លៃខ្ពស់ ចំពោះការ​ប្រើប្រាស់​របស់​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ហើយរដ្ឋសុខចិត្តបញ្ចេញថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទប់​ទល់​កុំ​ឲ្យមា​ន​ការ​ឡើង​ថ្លៃ​អគ្គិសនី ។

ឯកឧត្តមបានបន្តថា ចំពោះវិស័យកសិកម្មវិញ កាលពីពេលថ្មីៗនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចអនុគ្រោះបន្ថែមទៀត ទៅឲ្យរោងម៉ាស៊ិនកិនស្រូវ ឬអ្នក​សម្ងួត​ស្រូវ ដើម្បីជួយកាត់បន្ថយការចំណាយលើការកិនស្រូវ និងសម្ងួតស្រូវ ក្នុងន័យជួយ​ដល់​កសិករ ជំរុញក្នុងការធ្វើផលិតកម្មស្រូវឲ្យកាន់តែទូលាយ នាំទៅកាន់ទីផ្សារពិភពលោក តាមរយៈ​ការ​បញ្ចុះ​តម្លៃអគ្គិសនីដល់វិស័យឯកជនទាំងនោះ ។

គួរបញ្ជាក់ថា តម្លៃអគ្គិសនីនៅកម្ពុជា ក្នុងមួយគីឡូ (1kWh) មានតម្លៃចាប់ពី ៣៨០រៀល ៤៨០រៀល ៦១០រៀល និង៧៣០រៀល ខណៈបច្ចុប្បន្ន សម្រាប់ការផ្គត់ផ្គង់អគ្គិសនីវិញ គឺគ្រប់​ដណ្ដប់​ភូមិ​បានចំនួនប្រមាណជា ៩៩.៨៨ភាគរយ ហើយផ្ទះប្រជាពលរដ្ឋ ដែលមិនទាន់​មាន​បណ្ដាញ​អគ្គិសនីទៅដល់ ដូចជានៅតំបន់ទន្លេសាប និងតំបន់ភ្នំដាច់ស្រយាលជាដើម ក៏បានចែក​ជូន​នូវ​បន្ទះ​សូឡា ដើម្បីអាចឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ជាបណ្ដោះអាសន្ន៕ អត្ថបទ៖ បាន សុខរិទ្ធិ