អ្នកជំនាញ៖ ម្ចាស់ SME គួរចាប់យកជំនាញទន់ ដើម្បីពង្រឹងខ្លួនលើការធ្វើអាជីវកម្ម​​ឱ្យបានជោគជ័យ

អ្នកជំនាញអាជីវកម្ម ជំរុញឱ្យម្ចាស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ត្រូវអភិវឌ្ឍជំនាញ Soft Skill និងការចាប់យកបច្ចេកវិទ្យាថ្មីៗ ដែលជាតម្រូវការ និងការគ្រប់គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​និរន្តរភាព ទើបជំរុញការធ្វើអាជីវកម្មរបស់ខ្លួនបានជោគជ័យ។

បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងនៅក្នុងវេទិកាពិភាក្សា ស្តីពីការ​គ្រប់​គ្រង​ហិរញ្ញវត្ថុក្នុង អាជីវកម្មសហគ្រាសធុនមីក្រូ តូច និងមធ្យម នេះថា ជុំវិញការធ្វើជំនួញ ច្បាស់​ណាស់គឺម្ចាស់អាជីវកម្មចង់បានប្រាក់ចំណូល និងការ គ្រប់គ្រង់អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព។ បញ្ហានេះម្ចាស់អាជីវកម្ម ត្រូវតែពង្រឹងនិងពង្រីកជំនាញ និងចំណេះដឹង ឱ្យស្របនិង អាជីវកម្មរបស់ខ្លួន ជាពិសេសការចាប់យកនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងបរិបថកំពុងរីកចម្រើន ដើម្បី​បម្រើ​ដល់​ដំណើរការផលិត និងការផ្គត់ ផ្គង់ផលិតផលលើទីផ្សារជាដើម ។