ោក Trump នឹងដាក់ពន្ធលើប្រទេសនានា រួមទាំងចិន ជុំវិញការមិនទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់

បេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ លោក Donald Trump បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ ថា លោកអាចនឹងដាក់ពន្ធលើប្រទេសនានា រួមទាំងប្រទេសចិន ដែលមិនទប់ស្កាត់លំហូរជនអន្តោប្រវេសន៍គ្មានឯកសារមកពីទឹកដីរបស់ពួកគេ ចូលទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើលោកទទួលជ័យជម្នះក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិក ក្នុងខែវិច្ឆិកា។

លោក Trump បាននិយាយដូច្នេះ នៅក្នុងព្រឹត្តិការណ៍មួយនៅរដ្ឋ Arizona ខណៈឆ្លើយតបទៅនឹងសំណួររបស់អ្នកចូលរួម ប៉ុន្តែពុំបានបញ្ជាក់ច្បាស់ពីទំហំនៃពន្ធ ដែលលោកនឹងដាក់ក្នុងសេណារីយ៉ូ បែបណានោះទេ។ នៅពេលត្រូវបានសួរអំពីវិធីដែលលោកនឹងទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ឆ្លងកាត់ចូលទៅក្នុងសហរដ្ឋអាមេរិកដោយខុសច្បាប់ លោក Trump បាននិយាយថា យើងមានអំណាចសេដ្ឋកិច្ចយ៉ាងខ្លាំង។

លោក Trump និយាយថា ប្រសិនបើប្រទេសមួយ ដូចជាប្រទេសចិន មិនជួយទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ចូលទៅក្នុងសហរដ្ឋអាមេរិក យើងមានរឿងរ៉ាវទាំងនេះដែលហៅថា ការដាក់ពន្ធ។

លោក Trump បានព្រមានថា ប្រសិនបើប្រទេសផ្សេងៗ មិនជួយកាត់បន្ថយការធ្វើអន្តោប្រវេសន៍នោះទេ លោកអាចនឹងដាក់ពន្ធ ប្រសិនបើលោកជាប់ឆ្នោតជាថ្មី។ សន្តិសុខនៅព្រំដែន និងបញ្ហាអន្តោប្រវេសន៍ បានលេចចេញជាបញ្ហាចម្បង សម្រាប់ប្រជាជនអាមេរិក នៅក្នុងការបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ ដែលលោក Trump នឹងប្រឈមមុខជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មកពីគណបក្សប្រជាធិបតេយ្យ នៅក្នុងការប្រជែងឡើងវិញ នៃការដណ្តើមយកសេតវិមាន បន្ទាប់ពីការបោះឆ្នោតឆ្នាំ២០២០។ វាគឺជាព្រឹត្តិការណ៍យុទ្ធនាការលើកដំបូងរបស់លោក Trump ចាប់តាំងពីគណៈវិនិច្ឆ័យនៅទីក្រុង Manhattan កាលពីថ្ងៃទី៣០ ខែឧសភា បានរកឃើញថាលោកមានទោសលើបទចោទប្រកាន់ចំនួន៣៤ករណី ដែលលោកបានប្រឈមមុខទៅនឹងការក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ដែលអតីតមេធាវីរបស់លោក គឺលោក Michael Cohen បានបង់ទៅឱ្យតារាភាពយន្តអាសអាភាស នាង Stormy Daniels មុនពេលការបោះឆ្នោតឆ្នាំ២០១៦ ដើម្បីឲ្យរក្សាភាពស្ងៀមស្ងាត់របស់នាង ជុំវិញការជួបទំនាក់ទំនងផ្លូវភេទដែលនាងបាននិយាយថា មានជាមួយលោក trump។ លោក Trump បានបដិសេធរាល់ការប្រព្រឹត្តខុសទាំងអស់ ហើយបានប្តេជ្ញាប្តឹងឧទ្ធរណ៍ចំពោះសាលក្រមនេះ។

លោក Biden បានចេញក្រិតមួយ កាលពីថ្ងៃអង្គារ ដែលបង្កើតបម្រាមសិទ្ធិជ្រកកោនយ៉ាងទូលំទូលាយ លើជនអន្តោប្រវេសន៍ ដែលត្រូវចាប់ខ្លួនខណៈឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់។