រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ភាពស្អាតកើតចេញពីចិត្តនាំឱ្យប្រទេសជាតិស្អាតបន្តជំនាន់​ទៅមុខទៀត

ភាពស្អាតកើតចេញពីចិត្ត នឹងធ្វើឱ្យភាពស្អាតនៅតាមមូលដ្ឋាន នាំឱ្យប្រទេសកម្ពុជា ដែលពី​មុន​មាន​​ភាពស្អាត នឹងមានសម្រស់ស្រស់ស្អាត មានអនាម័យបរិស្ថានល្អប្រសើរ ហើយភាព​ស្អាត​នេះ នឹងបន្តជំនាន់ទៅមុខទៀត។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​ធ្វើ​ឡើង​​បែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ មន្រ្តីជាប់កិច្ចសន្យា និង​មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តសៀមរាប នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ១កញ្ញា បាននិងកំពុងកៀរគរមនុស្សជាង ៨,៨លាននាក់ ឱ្យចូលរួមនាពេលបច្ចុប្បន្ន ដែល​បាន​បញ្ជាក់ថា​អ្នក​ចូលរួមស្រឡាញ់និងទុកដាក់សំរាម កាត់បន្ថយការប្រើប្រាស់​ប្លាស្ទិកនោះ​គឺ​មាន​ចំនួន​ច្រើន ជាងអ្នកដែលបោះសំរាម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា យុទ្ធនាការថ្មី«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែល​បាន​ដាក់​ចេញដោយក្រសួងបរិស្ថាន ទន្ទឹមគ្នានឹងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ក៏​កំពុង​ជំរុ​ញជាពិសេសនោះ ការគាំទ្ររបស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ក៏ដូចជា​ប្រជាពលរដ្ឋ​កម្ពុជា ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកបន្ថែមទៀត ដោយ​បេះដូង ធ្វើឱ្យសាលារៀនស្អាត វត្តអារាមស្អាត ភូមិឋានស្អាត សហគមន៍ស្អាត មាន​អនាម័យ និងប្រទេសជាតិមានបរិស្ថានស្អាត ទៅថ្ងៃអនាគត។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានជំរុញឱ្យថ្នាក់ដឹកនាំ និង​មន្រ្តី​រាជការ នៃ​មន្ទីរ​បរិស្ថាន​ទាំង​អស់ ពង្រឹងការអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្ត៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះបន្តកិច្ចសហការជាមួយ រដ្ឋបាលខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋានគ្រប់ថ្នាក់ ដើម្បីជំរុញការអប់រំ និងផ្សព្វផ្សាយ ពីបញ្ហាបរិស្ថាន ឱ្យបាន​ច្រើន​ឡើង​ថែម​ទៀត ជាពិសេសយុទ្ធនាការ កុំឱ្យមានការបោះសំរាមផ្តេសផ្តាស ជាពិសេសរួម​ចំណែក​លុប​បំបាត់​សំណល់​ប្លាស្ទិក នៅតាមសហគមន៍ ផ្ទះសម្បែង សាលារៀន និងវត្តអារាម ជាដើម។ ជាមួយ​គ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្រ្កីក្រសួងបរិស្ថាន ត្រូវចូលរួម​ប្រឹង​ប្រែង​អនុវត្តន៍​ការងារ ស្របតាមយុទ្ធសាស្រ្តចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ ដើម្បីឈាន​ឆ្ពោះ​ទៅ​សម្រេច​បាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ បង្កើនគម្របព្រៃឈើ ៦០%នៅទូទាំងប្រទេស និង​ជា​ប្រទេសអាព្យាក្រឹតកាបូន៕