ទិដ្ឋភាពដ៏តានតឹងបានបង្ហាញនៅក្នុងទីក្រុង Buenos Aires កាលពីថ្ងៃពុធ ទី៩ ខែតុលា បន្ទាប់ពីសភាជាន់ទាបរបស់ប្រទេសអាហ្សង់ទីន បានបរាជ័យក្នុងការប្រមូលសំឡេងឆ្នោតដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី លោក Javier Milei ចំពោះច្បាប់ ដែលជំរុញការផ្តល់មូលនិធិដល់សាកលវិទ្យាល័យ។
ក្រុមបាតុករ បានប៉ះទង្គិចជាមួយនគរបាល ដោយស្រែកពាក្យស្លោក និងរុញច្រានរបាំងរាំងផ្លូវ ខណៈក្រុមមន្ត្រីបង្ក្រាបកុបកម្មព្យាយាមបំបែកហ្វូងមនុស្ស។
លោក Milei បានប្រើសិទ្ធវេតូចំពោះសេចក្តីស្នើច្បាប់មួយកាលពីខែមុន ដែលនឹងធ្វើបច្ចុប្បន្នភាពការផ្តល់មូលនិធិសកលវិទ្យាល័យរដ្ឋស្របតាមអត្រាអតិផរណាឡើងដល់តួលេខបីខ្ទង់នៅប្រទេសអាហ្សង់ទីន ជាអត្រាខ្ពស់បំផុតមួយនៅលើពិភពលោក។ ចាប់តាំងពីពេលនោះមក មនុស្សរាប់ពាន់នាក់បានចេញធ្វើបាតុកម្មប្រឆាំងការកាត់បន្ថយការផ្តល់មូលនិធិរបស់លោកចំពោះវិស័យអប់រំ និងការថែទាំសុខភាព។
សមាជិកសភា បានបោះឆ្នោតគាំទ្រ១៦០សំឡេងលើច្បាប់ផ្តល់មូលនិធិដល់សាកលវិទ្យាល័យ ខណៈ ៨៤សំឡេងប្រឆាំង និង៥សំឡេងអនុប្បវាទ ដោយខ្វះ៦សំឡេង នៃសំឡេងភាគច្រើន២ភាគ៣ដែលត្រូវការ ដើម្បីកែប្រែសិទ្ធវេតូរបស់ប្រធានាធិបតី។ គណបក្សស្តាំនិយមជ្រុលរបស់លោក Milei បង្កើតបានតែក្រុមភាគតិចតូចនៅក្នុងសភា ប៉ុន្តែគណបក្សនេះ បានបង្កើតសម្ព័ន្ធភាពជាមួយសមាជិកសភាអភិរក្សនិយម ដើម្បីរារាំងការទទួលបានសំឡេងពីរភាគបីដែលត្រូវការដើម្បីធ្វើសច្ចាប័នលើច្បាប់នេះ។
លោក Milei អះអាងថា ច្បាប់នេះនឹងធ្វើឱ្យប៉ះពាល់ដល់តុល្យភាពសារពើពន្ធដែលលោកបានជំរុញ ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចជាយូមក ហើយបានសន្យាថានឹងប្រើសិទ្ធិវេតូចំពោះអ្វីដែលគំរាមកំហែងដល់ការសម្រេចរបស់លោក។ ការចំណាយលើផ្នែកសុខភាព ប្រាក់សោធននិវត្តន៍ និងផ្នែកអប់រំរបស់ប្រទេសអាហ្សង់ទីន បានទទួលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារតែការកាត់បន្ថយការផ្តល់មូលនិធិផ្នែកសាធារណៈរបស់លោក Milei ។
Leave a Reply