រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា កត្តាដែលនាំឲ្យប្រទេសកាណាដា មានផែនការបើកស្ថានទូតរបស់ខ្លួន លើទឹកដីប្រទេសកម្ពុជា នាពេលាឆាប់ៗ ខាងមុខនេះ គឺមកពីនយោបាយការទូតដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ហើយគម្រោងនេះក៏ជាសញ្ញាមួយបង្ហាញ អំពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងកាណាដា ឲ្យកាន់ប្រសើរបន្ថែមទៀតផងដែរ។
ឆ្លើយតបនឹងអ្នកសារព័ត៌មានក្នុងសន្និសីទមួយ ស្តីពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសឡាវ នាយប់ថ្ងៃទី១១ ខៃតុលា ឆ្នាំ២០២៤នេះ ឯកឧត្តមបណ្ឌិត សូ ណារ៉ូ បានលើកឡើងថា ដោយសារតែប្រទេសកម្ពុជាមានសារសំខាន់អ្វីមួយសម្រាប់ប្រទេសគេ ទើបបានជាគេមានគោលដៅ នឹងបើកស្ថានទូតនៅកម្ពុជា ហើយកម្ពុជាសូមស្វាគម៍យ៉ាងកក់ ក្តៅចំពោះវត្តមានរបស់ទូតកាណាដា ដែលនឹងកើតឡើងនៅលើទឹកដីកម្ពុជាផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា នៅក្នុងជំជួបពិភាក្សាការងារមួយជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធកាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានជម្រាបជូនសម្ដេចធិបតីថា ដើម្បីពង្រឹងទំនាក់ទំនងលើវិស័យការទូតឲ្យកាន់តែល្អប្រសើរបន្ថែមទៀតវាងកាណាដា និងកម្ពុជានោះប្រទេសកាណាដា គ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតខ្លួន នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ។
នៅចំពោះមុខសម្តេចធិបតី នាយករដ្ឋមន្រ្តី ឯកឧត្តម Justin Trudeauក៏បានបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ(កម្ពុជា-កាណាដា) ឱ្យកាន់តែរឹងមាំ ថែមទៀត ដែលក្នុងនោះផ្នែកពាណិជ្ជកម្ម កាណាដា នឹងបញ្ជូនគណៈប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីពិភាក្សាអំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី។
ឯកឧត្តមនាយករដ្ឋមន្រ្តី វ័យក្មេងរបស់កាណាដារូបនេះ ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-កាណាដា ដែលនឹងត្រូវអនុម័តនាពេលខាងមុខនេះផងដែរ។
នៅក្នុងកិច្ចជំនួបទ្វេភាគីនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានប្រាប់ដល់នាយករដ្ឋមន្រ្តីកាណាដាផងដែរថា កម្ពុជាក៏គ្រោងបើកស្ថានទូតរបស់ខ្លួននៅកាណាដាផងដែរ ហើយសម្តេច ក៏បានថ្លែងអំណរគុណដល់កាណាដា ដែលចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្តិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកលើកម្ពុជាជាដើម។ ជាមួយគ្នានោះ សម្តេចធិបតី នាយករដ្ឋមន្រ្តីបានចាត់ទុក ប្រទេសកាណាដា ជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជាផងដែរ៕អត្ថបទ៖ បាន ចក់
Leave a Reply