អ៊ីស្រាអែល រិះគន់បារាំង ចំពោះការរារាំងក្រុមហ៊ុនពីពិព័រណ៍អាវុធ ខណៈជម្លោះពាក្យសម្ដីកាន់តែជ្រៅ

រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល កាលពីថ្ងៃពុធ (១៦ តុលា) បានរិះគន់ការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ក្នុងការហាមឃាត់ក្រុមហ៊ុនអ៊ីស្រាអែល ពីការតាំងពិព័រណ៍អាវុធជើងទឹក Euronaval ថាបានបង្ហាញពី “ភាពអាម៉ាស់” ហើយបានចោទទីក្រុងប៉ារីស ពីការអនុវត្តគោលនយោបាយអរិភាពចំពោះប្រជាជនជ្វីហ្វ ខណៈជម្លោះពាក្យសម្ដីរវាងភាគីទាំងពីរកាន់តែរីកធំ។

ការសម្រេចចិត្តរារាំងក្រុមហ៊ុនរបស់អ៊ីស្រាអែលនេះគឺជាការប៉ះទង្គិចចុងក្រោយបង្អស់ជាប់ៗគ្នាដែលជំរុញដោយភាពមិនសុខចិត្តរបស់រដ្ឋាភិបាលលោក Macron ជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែល ក្នុងសង្គ្រាមហ្កាហ្សា និងលីបង់។ ភាពតានតឹងនេះក៏បានកើតឡើងបន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងរបស់បារាំង ដើម្បីទទួលបានបទឈប់បាញ់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា នៅលីបង់ និងនៅពេលដែលអ៊ីស្រាអែល វាយប្រហារតាមអាកាសបន្ថែមទៀតលើគោលដៅរដ្ឋធានីបេរូត។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានបង្ហោះនៅលើបណ្ដាញសង្គម X ថា “សកម្មភាពរបស់លោកប្រធានាធិបតីបារាំង Macron គឺជាភាពអាម៉ាស់ដល់ប្រជាជាតិបារាំង និងគុណតម្លៃនៃពិភពលោកសេរី ដែលខ្លួនអះអាងថាប្រកាន់ខ្ជាប់”។ ក្រុមមន្រ្តីបារាំងថាបញ្ជាក់ម្ដងហើយម្ដងទៀតថា ទីក្រុងប៉ារីស ប្ដេជ្ញាចិត្តចំពោះសន្តិសុខអ៊ីស្រាអែល ហើយយោធារបស់ខ្លួនបានជួយការពារអ៊ីស្រាអែល បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់កាលពីខែមេសា និងដើមខែនេះ។

នេះជាលើកទីពីរហើយក្នុងឆ្នាំនេះដែលបារាំងបានហាមប្រាមក្រុមហ៊ុនអ៊ីស្រាអែលពីការតាំងពិព័រណ៍ការពារជាតិដ៏ធំ។ កាលពីខែឧសភា បារាំងបាននិយាយថា មានលក្ខខណ្ឌមិនត្រឹមត្រូវសម្រាប់អ៊ីស្រាអែលក្នុងការចូលរួមក្នុងពិព័រណ៍ពាណិជ្ជកម្មយោធា Eurosatory ដោយនៅពេលនោះលោក Macron កំពុងអំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការនៅតំបន់ហ្កាហ្សា៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *