តុលាការកូរ៉េខាងត្បូង បានសម្រេចនៅថ្ងៃព្រហស្បតិ៍ (១៧ តុលា) នេះថា អតីតប្រមុខនគរបាលម្នាក់របស់ទីក្រុងសេអ៊ូល និងមន្រ្តីពីររូបផ្សេងទៀត រួចទោសពីបទធ្វេសប្រហែសក្នុងការឆ្លើយតបទៅនឹងសោកនាដកម្មហ្វូងមនុស្សជាន់គ្នាក្នុងពិធីបុណ្យ ហាឡូវីន (Halloween) នៅក្នុងតំបន់កម្សាន្តពេលរាត្រីដ៏ពេញនិយម អ៊ីតែវ៉ុន (Itaewon) នៃរដ្ឋធានី ដែលបានសម្លាប់មនុស្ស ១៥៩នាក់ ក្នុងឆ្នាំ២០២២។
តុលាការទីក្រុងសេអ៊ូលប្រចាំតំបន់ខាងលិច បាននិយាយថា ខ្លួនសម្រេចឱ្យលោក គីម ខ្វាងហូ (Kim Kwang-ho) មន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុត ដែលត្រូវបានចោទប្រកាន់ក្នុងឧបទ្ទវហេតុនេះ មិនមានទោស ដោយសាររដ្ឋអាជ្ញាមិនបានបញ្ជាក់ថាលោកបានរំលោភលើកាតព្វកិច្ចជាក់លាក់ និងដោយផ្ទាល់ក្នុងការមើលការខុសត្រូវ និងឆ្លើយតបជាបឋមចំពោះឧប្បត្តិហេតុនេះឡើយ ។
សាលក្រមរបស់តុលាការនេះ រងការឆ្លើយតបយ៉ាងខឹងសម្បារពីសាច់ញាតិជនរងគ្រោះ និងក្រុមតស៊ូមតិ ដែលបានចោទតុលាការពីការបដិសេធមិនចាប់មន្ត្រីជាន់ខ្ពស់ឱ្យទទួលខុសត្រូវចំពោះឧប្បត្តិហេតុ ដែលត្រូវបានស្តីបន្ទោសយ៉ាងទូលំទូលាយលើកង្វះផែនការគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់មិនគ្រប់គ្រាន់។
លោក Kim គឺជាមន្ត្រីនគរបាលថ្នាក់ខ្ពស់បំផុតក្នុងចំណោមនគរបាល និងមន្ត្រីរដ្ឋាភិបាលជាង ២០នាក់ ដែលត្រូវបានចោទប្រកាន់ជុំវិញគ្រោះថ្នាក់នោះ៕
Leave a Reply