នាវាឆ្មាំល្បាតឆ្នេរអ៊ីតាលី បានទៅទទួលជនអន្តោប្រវេសន៍ដែលបានរក្សាទុកនៅក្នុងមន្ទីរទទួលជនភៀសខ្លួននៅប្រទេសអាល់បានី ដើម្បីដឹកពួកគេត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ក្រោយការសម្រេចរបស់តុលាការ ធ្វើឲ្យប៉ះទង្គិចដល់ផែនការរបស់ទីក្រុងរ៉ូម ឲ្យទទួលជនអន្តោប្រវេសន៍ស្នាក់នៅក្រៅសហភាពអឺរ៉ុប ។
ជនអន្តោប្រវេសន៍ទាំងនេះ ត្រូវបាននាំទៅកាន់ប្រទេសអាល់បានី កាលពីដើមសប្តាហ៍នេះ ដោយនាវាកងទ័អជើងទឹកអ៊ីតាលី ។ ដំបូងឡើយពួកគេមានចំនួន ១៦នាក់ ប៉ុន្តែ ៤នាក់ ត្រូវបាននាំមកកាន់ប្រទេសអ៊ីតាលីវិញ ក្នុងហេតុផលសុខភាព ឬពួកគេជាអនីតិជន ។
តុលាការ បានសម្រេចថា ជនអន្តោប្រវេសន៍ ១២នាក់ស្ថិតនៅក្នុងមន្ទីរទទួលជនភៀសខ្លួនអាល់បានី Gjader ត្រូវតែបញ្ជូនត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីវិញ ដោយសារតែប្រទេសកំណើតរបស់ពួកគេ ដែលជាប្រទេសអេហ្ស៊ីប និងប្រទេសបង់ក្លាដែស មិនអាចចាត់ទុកថាជាកន្លែងមានសុវត្ថិភាពនោះទេ ។
កាលពីថ្ងៃសុក្រកន្លងទៅ រដ្ឋាភិបាលអ៊ីតាលី សន្យាបន្តជំរុញគម្រោងរបស់លោកស្រីនាយករដ្ឋមន្រ្តី Giorgia Meloni ដើម្បីបង្វែរក្រុមអ្នកស្វែងរកសិទ្ធិជ្រកកោន ទៅក្រៅប្រទេស ដោយពួកគេនិយាយថា ពួកគេនឹងប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការសម្រេចចិត្តផ្លូវច្បាប់នេះ ដែលជនអន្តោប្រវេសន៍នៅក្នុងមន្ទីរទទួលជនភៀសខ្លួនអាល់បានី ត្រូវបញ្ជូនត្រឡប់មកកាន់ប្រទេសអ៊ីតាលីវិញ ។
ជំនួបគណៈរដ្ឋមន្រ្តី នឹងរៀបចំឡើងនៅថ្ងៃចន្ទស្អែក ដើម្បីសម្រេចចិត្តលើការឆ្លើយតបរបស់រដ្ឋាភិបាលអ៊ីតាលី ៕
Leave a Reply