រដ្ឋមន្រ្តីការពារជាតិក្រុមប្រទេសមានឧស្សាហកម្មរីកលូតលាស G7 បានជួបជុំគ្នានៅទីក្រុង Naples ប្រទេសអ៊ីតាលី កាលពីថ្ងៃសៅរ៍ ដើម្បីពិភាក្សាលើសង្រ្គាមនៅអ៊ុយក្រែន និងស្ថានភាពបច្ចុប្បន្ននៅតំបន់មជ្ឈិមបូព៌ា ។
រដ្ឋមន្រ្តីការពារជាតិអ៊ីតាលីលោក Guido Crosetto បានស្វាគមន៍សមភាគីរបស់លោកមកពីប្រទេសអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ ជប៉ុន និងសហរដ្ឋអាមេរិក ក៏ដូចជាអគ្គលេខាធិការអង្គការណាតូលោក Mark Rutte និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសលោក Josep Borrel នៅឯវិមាន Palazzo Reale ។
នៅក្នុងអនុសាសន៍បើកកិច្ចប្រជុំកំពូល លោក Crosetto បាននិយាយពីគម្រោងសន្តិសុខកាន់តែអាក្រក់ ហើយនិងការប្រឈមដាក់គ្នារវាងចក្ខុវិស័យ ២ផ្សេងគ្នារបស់ពិភពលោក ។
អ៊ីតាលីដែលធ្វើជាប្រធានកិច្ចប្រជុំវិលជុំរបស់ G7 បានសម្រេចចិត្តជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន ដើម្បីបញ្ចូលវិស័យការពារជាតិទៅក្នុងកម្មវិធីប្រជុំថ្នាក់រដ្ឋមន្រ្តីរបស់ពួកគេ ។
ក្រុមរដ្ឋមន្រ្តីទាំងនេះ មានជំនួប ២លើក នៅពេលព្រឹកមួយលើក និងនៅពេលរសៀលមួយលើកទៀត ស្របពេលដែលសកម្មភាពទ្វេភាគី ត្រូវបានគេរំពឹងថានឹងកើតឡើងផងដែរ ។
ដោយឡែក ជំនួបត្រីភាគីរវាង អ៊ីតាលី អង់គ្លេស និងជប៉ុន គ្រោងនឹងរៀបចំឡើងផងដែរ ដើម្បីពិភាក្សាលើកម្មវិធីប្រយុទ្ធតាមអាកាសសកល ដែលពាក់ព័ន្ធនឹងការផលិតយន្តហោះបំបាំងកាយជំនាន់ទី ៦ ៕
Leave a Reply