ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានអះអាងថា ត្រូវបានឃើញ នៅភាគខាងកើតអ៊ុយក្រែន

ទង់ជាតិកូរ៉េខាងជើង និងរុស្ស៊ី ត្រូវបានអះអាងថា ត្រូវបានឃើញនៅភាគខាងកើតអ៊ុយក្រែន
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងត្បូង Yonhap នៅថ្ងៃអង្គារ (ទី២២ ខែតុលា) នេះ បានរាយការណ៍ថា ទង់ជាតិរបស់កូរ៉េខាងជើងត្រូវបានលើកឡើងរួមគ្នាជាមួយនឹងទង់ជាតិរុស្ស៊ី ដែលត្រូវបានគេអះអាងថា នៅភាគខាងកើតប្រទេសអ៊ុយក្រែន ដោយការលើកឡើងនេះបង្ហាញថា ទាហានកូរ៉េខាងជើងប្រហែលជាត្រូវបានដាក់ពង្រាយ ដើម្បីជួយគាំទ្ររុស្ស៊ី ក្នុងសង្គ្រាមរបស់ខ្លួន។
ដោយដកស្រង់ពីគណនី Telegram នៃអ្នកសរសេរប្លុកគាំទ្ររុស្ស៊ីឈ្មោះ @rvvoenkor_bot សារព័ត៌មាន Yonhap បានឲ្យដឹងថា ទង់ជាតិនៃប្រទេសទាំង២ ត្រូវបានអះអាងថា ត្រូវបានលើកឡើងជាមួយគ្នា នៅទីក្រុង Pokrovsk ក្នុងតំបន់ Donbas ភាគខាងកើតអ៊ុយក្រែន។
សេចក្ដីរាយការណ៍របស់សារព័ត៌មាន Yonhap បានបន្ថែមថា ទីក្រុង Pokrovsk ត្រូវបានគេជឿថា ជាទីតាំងមួយក្នុងចំណោមទីតាំងដែលទាហានកូរ៉េខាងជើងឈរជើង។
តែទោះបីជាយ៉ាងណាក្ដី លោក Andriy Kovalenko ប្រធានមជ្ឈមណ្ឌលប្រឆាំងព័ត៌មានមិនពិតរបស់ក្រុមប្រឹក្សាសន្តិសុខអ៊ុយក្រែន បានច្រានចោលពីការមានវត្តមាននៃទង់ជាតិនេះ ដោយចាត់ទុកថា ជាផ្នែកមួយនៃវិធីសាស្ត្រ ដើម្បីបំភិតបំភ័យជនជាតិអ៊ុយក្រែន។
គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរបស់កងកម្លាំងពិសេសចំនួន ១,៥០០នាក់ ទៅកាន់តំបន់ចុងបូព៌ារបស់រុស្ស៊ី ដើម្បីហ្វឹកហ្វឺន និងសម្របខ្លួន នៅឯមូលដ្ឋានទ័ព ក្នុងតំបន់ ហើយពួកគេទំនងជាត្រូវបានដាក់ពង្រាយ ដើម្បីប្រយុទ្ធ ក្នុងសង្គ្រាម នៅអ៊ុយក្រែន៕