នគរបាលម៉ូហ្សំប៊ិកបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ និងអ្នកសារព័ត៌មាន ក្រោយការបោះឆ្នោតដ៏ចម្រូងសម្រាស
នគរបាលប្រទេសម៉ូហ្សំប៊ិក កាលថ្ងៃចន្ទ (ទី២១ ខែតុលា) បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងគ្រាប់កាំភ្លើងទៅលើក្រុមអ្នកតវ៉ា ក្នុងរដ្ឋធានី Maputo ដែលបានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុ ជាកន្លែងដែលឥស្សរជនគណបក្សប្រឆាំង ២នាក់ ត្រូវបានបាញ់សម្លាប់ កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងមក បន្ទាប់ពីមាននូវការបោះឆ្នោតដ៏ចម្រូងចម្រាស។
សាក្សីរបស់សារព័ត៌មាន Reuters បានឃើញមន្ត្រីនគរបាលមួយចំនួន បានបាញ់កាំភ្លើងខ្លី ខណៈពេលដែលកំពុងបំបែកក្រុមមនុស្សទាំងនោះ។ លោក Adriano Nuvunga នាយកមជ្ឈមណ្ឌលលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ម៉ូហ្សំប៊ិក បាននិយាយថា អ្នកសារព័ត៌មាន ២នាក់ និងសន្តិសុខម្នាក់ ត្រូវបានរងការបាញ់ប្រហារដោយគ្រាប់កាំភ្លើង ប៉ុន្តែមិនមានរបួសធ្ងន់ធ្ងរនោះទេ។ ភ្លាមៗនេះ អ្នកនាំពាក្យនគរបាលមិនអាចទាក់ទងបានឡើយ។
គួរបញ្ជាក់ថា លទ្ធផលទាំងស្រុងនៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី៩ ខែតុលារបស់ប្រទេសម៉ូហ្សំប៊ិក ត្រូវបានរំពឹងទុកថា នឹងចេញនៅសប្តាហ៍នេះ ដោយលទ្ធផលដំបូងបង្ហាញថា គណបក្សកាន់អំណាច Frelimo ត្រៀមនឹងទទួលជ័យជម្នះមួយលើកទៀត។ តែបេក្ខជនខាងគណបក្សប្រឆាំង និយាយថា ការបោះឆ្នោតនេះ មានការក្លែងបន្លំ៕

Leave a Reply