អ៊ីស្រាអែល បញ្ជាក់ថាខ្លួនបានសម្លាប់អ្នកស្នងតំណែងមេដឹកនាំក្រុមហេសបូឡា

អ៊ីស្រាអែល កាលពីថ្ងៃអង្គារ (២២ តុលា) បានបញ្ជាក់ថា ខ្លួនបានសម្លាប់លោក ហាសេម សាហ្វៃឌីន (Hashem Safieddine) ដែលជាអ្នកស្នងតំណែងបន្តពីអតីតមេដឹកនាំក្រុមសកម្មប្រយុទ្ធ ហេសបូឡា លោក ហាសាន ណាស្រាលឡា (Hassan Nasrallah) ដែលក៏ត្រូវបានសម្លាប់កាលពីខែមុនផងដែរនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដាក់គោលដៅលើក្រុមសកម្មប្រយុទ្ធលីបង់គាំទ្រដោយអ៊ីរ៉ង់មួយនេះ។

យោធាអ៊ីស្រាអែល និយាយថា លោក Safieddine ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារមួយដែលបានធ្វើឡើងកាលពី ៣សប្តាហ៍មុន នៅជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត ដែលជាការបញ្ជាក់ជាលើកដំបូងនៃការស្លាប់របស់លោក។ កាលពីដើមខែនេះ អ៊ីស្រាអែល ធ្លាប់បាននិយាយរួចហើយថា មន្រ្តីជាន់ខ្ពស់ហេសបូឡារូបនោះប្រហែលជាត្រូវបានកម្ចាត់បានហើយ។ មិនមានការឆ្លើយតបភ្លាមៗពីក្រុមហេសបូឡា ចំពោះសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែល ដែលថាខ្លួនបានសម្លាប់លោក Safieddine ទេ។

មេបញ្ជាការកងទ័ពអ៊ីស្រាអែល លោកឧត្តមសេនីយ៍ឯក ហើហ្ស៊ី ហាលេវី (Herzi Halevi) បាននិយាយថា “យើងបានទៅដល់លោក Nasrallah អ្នកជំនួសតំណែងរបស់លោក និងភាគច្រើននៃថ្នាក់ដឹកនាំជាន់ខ្ពស់របស់ហេសបូឡា ហើយយើងក៏នឹងសំដៅទៅរកអ្នកណាក៏ដោយដែលគំរាមកំហែងដល់សន្តិសុខរបស់ជនស៊ីវិលអ៊ីស្រាអែល”។

អ៊ីស្រាអែល បាននិងកំពុងអនុវត្តការវាយលុកកាន់តែខ្លាំងនៅលីបង់ បន្ទាប់ពីការប៉ះទង្គិចតាមព្រំដែនរយៈពេលមួយឆ្នាំជាមួយនឹងក្រុមហេសបូឡា ដែលជាកងកម្លាំងប្រូកស៊ីរបស់អ៊ីរ៉ង់ប្រដាប់ដោយអាវុធខ្លាំងបំផុតនៅទូទាំងមជ្ឈិមបូព៌ា។ រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានបង្ហាញសញ្ញាបន្ធូរបន្ថយក្នុងយុទ្ធនាការយោធានៅតំបន់ហ្កាហ្សា និងលីបង់របស់ខ្លួនទេ ទោះបីជាបន្ទាប់ពីការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស និងហេសបូឡាជាច្រើននាក់ក៏ដោយ៕