មេដឹកនាំអ៊ុយក្រែនអំពាវនាវឱ្យសម្ព័ន្ធមិត្តកុំលាក់លៀមចំពោះការឆ្លើយតបការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្គ្រាមរុស្ស៊ី

លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បានអំពាវនាវដល់សម្ព័ន្ធមិត្តកាលពីថ្ងៃអង្គារ ២២ តុលាសប្ដាហ៍នេះ កុំឲ្យលាក់លៀម និងឆ្លើយតបទៅនឹងភស្តុតាងនៃការចូលរួមរបស់កូរ៉េខាងជើងក្នុងសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន។

លោកបាននិយាយនៅក្នុងសុន្ទរកថាពេលយប់ថា អ៊ុយក្រែន មានព័ត៌មានអំពីការត្រៀមខ្លួនរបស់អង្គភាពចំនួនពីរ ដែលប្រហែលជាមានទាហានកូរ៉េខាងជើងរហូតដល់១២.០០០នាក់ ដើម្បីចូលរួមក្នុងសង្គ្រាមជាមួយកងកម្លាំងរុស្ស៊ី។

លោកZelenskyy បាននិយាយថា នេះគឺជាបញ្ហាប្រឈម ប៉ុន្តែយើងដឹងថាត្រូវឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះដោយរបៀបណា។នេះជារឿងសំខាន់ដែលដៃគូមិនត្រូវលាក់បាំងពីបញ្ហាប្រឈមនេះដូចគ្នា។

ប្រធានចារកម្មដ៏សំខាន់របស់អ៊ុយក្រែន បានប្រាប់សារព័ត៌មានអាមេរិក The War Zone ថាទីក្រុង Kyiv រំពឹងថាកងកម្លាំងកូរ៉េខាងជើងនឹងលេចមុខនៅថ្ងៃពុធសប្ដាហ៍នេះក្នុងតំបន់ឃើស(Kursk) ភាគខាងត្បូងក្នុងប្រទេសរុស្ស៊ី ជាទីដែលកងកម្លាំងអ៊ុយក្រែនបានបើកការលុកលុយកាលពីខែសីហាកន្លងទៅ។

ចំណែកលោក John Healey រដ្ឋមន្ត្រីការពារជាតិអង់គ្លេស បាននិយាយកាលពីថ្ងៃអង្គារថា មានភាគរយខ្ពស់ដែលអាចថា កូរ៉េខាងជើង បានចាប់ផ្ដើមបញ្ជូនកងទ័ពរបស់ខ្លួនជួយរុស្ស៊ី ក្នុងសង្រ្គាមមានអាយុកាលជាង២ឆ្នាំកន្លះមកនេះ៕