មេបញ្ជាការកំពូលរបស់ក្រុមហាម៉ាសភាគច្រើនបានស្លាប់ ហើយអង្គភាព និងឯកសារសម្ងាត់នានារបស់ក្រុមត្រូវបានបំបែក ព្រមទាំងកន្លែងលាក់ខ្លួន និងឃ្លាំងស្តុកជាច្រើនត្រូវបានរឹបអូសយក និងបំផ្លាញចោលប៉ុន្តែយុទ្ធសាស្រ្តប្រយុទ្ធបែបទ័ពព្រៃរបស់ក្រុមនេះ ធ្វើឱ្យអ៊ីស្រាអែល ពិបាកកម្ចាត់។
ការសម្លាប់វរសេនីយ៍ឯកអ៊ីស្រាអែលម្នាក់ ដោយក្រុមហាម៉ាស នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី២០ តុលា បានគូសបញ្ជាក់ថាស្លាបយោធារបស់ក្រុមសកម្មប្រយុទ្ធនេះនៅតែជាកងកម្លាំងទ័ពព្រៃដ៏ខ្លាំងក្លាដែលមានយុទ្ធជន និងអាវុធគ្រប់គ្រាន់ដើម្បីវាយលុកយោធាអ៊ីស្រាអែល បន្តិចម្ដងៗ និងជាសង្គ្រាមដែលពិបាកយកឈ្នះបាន ទោះបីជាក្រុមហាម៉ាស មិនអាចធ្វើប្រតិបត្តិការជាកងទ័ពធម្មតាក៏ដោយ។
វរសេនីយ៍ឯកអ៊ីស្រាអែល លោក អេសាន ដាកសា (Ehsan Daksa) បានស្លាប់នៅពេលដែលគ្រាប់រំសេវផ្ទុះនៅជិតក្បួនរថក្រោះរបស់លោក។ នេះគឺជាការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយដែលបង្ហាញថា ក្រុមហាម៉ាសនៅតែអាចទប់ទល់បាន បន្ទាប់ពីសង្រ្គាមអស់ពេល ១ឆ្នាំ ចាប់តាំងពីអ៊ីស្រាអែល វាយលុកតំបន់ហ្កាហ្សា នៅចុងខែតុលា ឆ្នាំ២០២៣ ហើយទំនងជានៅតែអាចបន្តប្រយុទ្ធបានយ៉ាងខ្លាំងក្លា ទោះជាមេដឹកនាំក្រុមគឺលោក Yahya Sinwar ស្លាប់កាលពីសប្តាហ៍មុនក៏ដោយ។
ខណៈពេលដែលក្រុមហាម៉ាស មិនអាចយកឈ្នះអ៊ីស្រាអែលក្នុងសមរភូមិមុខបាន វិធីសាស្ត្រទ័ពព្រៃបែបវាយប្រហារហើយរត់គេចក្នុងទ្រង់ទ្រាយតូចៗរបស់ខ្លួន អាចឱ្យក្រុមនេះបន្តបង្កគ្រោះថ្នាក់ដល់អ៊ីស្រាអែល និងបញ្ចៀសការបរាជ័យ ទោះបីជាក្រុមហាម៉ាស បានបាត់បង់អ្នកប្រយុទ្ធច្រើនជាង ១៧.០០០នាក់ ចាប់តាំងពីសង្គ្រាមចាប់ផ្តើមក៏ដោយ នេះបើយោងទៅតាមតួលេខដែលមិនបានផ្ទៀងផ្ទាត់របស់អ៊ីស្រាអែល៕
Leave a Reply