ក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានមេដាយ ៥គ្រឿងពីការប្រកួតជើងឯកអាស៊ី នៅជប៉ុន


ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុង​ការប្រកួត​ជើង​ឯកអាស៊ី ​Jet Ski Asian Championships ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុនហើយ ដោយ​ដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ។

សមិទ្ធផលថ្មី ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើឆាកអន្ដរជាតិ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម និងជាអគ្គលេខាធិការសហព័ន្ធ លោក សាលី អ៊ូមើត នេះ រួមមាន៖ មេដាយមាស កីឡាករ មីន ម៉ូស្ដាន ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock ​និងវិញ្ញាសា Novice Runabout 1100 Stock ។

រីឯមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសារ Sport GP និងប្អូនប្រុសបង្កើតរបស់ខ្លួន គឺកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Expert Runabout ​1100 ​Stock ។ ចំណែកមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កៃវ៉ាន់ ស៊ីដែន លើ​វិញ្ញាសា Novice Ski Stock ។

ក្រោយបញ្ចប់ការប្រកួតលោក សាលី អ៊ូមើត បានសម្ដែងការពេញចិត្ត ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​កីឡាករ​ទាំងអស់គ្នា តែលោកសោកស្ដាយ ចំពោះកីឡាករ ម៉ីន អូស្មាន់ ដោយសារ​បញ្ហា​គ្រោះ​ថ្នាក់ កំឡុងការប្រកួត ធ្វើឲ្យកីឡាករវ័យក្មេងដ៏មានសក្ដានុពលរូបនេះ គេខកខាន​ឱកាស​ដណ្ដើម​មេដាយ​ជូនជាតិ ។

ម្ចាស់មេដាយមាសកីឡាអាស៊ីដដែលបន្ដថា គោលដៅរបស់ខ្លួន ក្នុងការប្រកួតជើងឯកអាស៊ីនេះ យ៉ាង​ហោច​ឈ្នះមេដាយមាស ៤ និងប្រាក់ ៤ ។ តែយ៉ាងណាការដណ្ដើមបានមេដាយមាស ៣ ក៏ជា​រឿង​មួយល្អដែរ ។ ក្នុងនាមអគ្គលេខាធិការសហព័ន្ធ លោកប្ដេជ្ញានឹងបន្ដខំប្រឹង ដើម្បី​ជំរុញ​ពួក​គេ​ឲ្យ​មាន​ការប្រកួតប្រជែង និងដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរជូនជាតិបន្ថែមទៀត ។

គួរដឹងថា ការប្រកួត Jet Ski Asian Championships នេះ គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Jet Ski World Series ដោយអ្នកទទួលបានជ័យលាភី នឹង​ទទួល​បាន​កៅអី​ចូល​រួម​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ ឬជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2024 នាចុងឆ្នាំ ។ ប៉ុន្ដែមុ​ន​ឈាន​ដល់​ការ​ប្រកួត​ជុំ​ផ្ដាច់​ព្រ័ត្រ សាលី អ៊ូមើត ក៏ត្រៀមនឹងបន្ដដឹកនាំសិស្សប្អូន ចូលរួមការប្រកួត Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ នាខែកក្កដាខាងមុខ និងជុំទី២ នៅសហរដ្ឋអាមេរិក នា​ខែ​តុលា ឆ្នាំ២០២៤ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា