ក្រុមកីឡាម៉ូតូទឹកជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតជើងឯកអាស៊ី Jet Ski Asian Championships ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុនហើយ ដោយដណ្ដើមបានមេដាយ ៥គ្រឿង រួមមានមេដាយមាស ៣ ប្រាក់ ១ និងសំរឹទ្ធ ១គ្រឿង ។
សមិទ្ធផលថ្មី ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ដណ្ដើមបានលើឆាកអន្ដរជាតិ ក្រោមការដឹកនាំរបស់ប្រធានក្រុម និងជាអគ្គលេខាធិការសហព័ន្ធ លោក សាលី អ៊ូមើត នេះ រួមមាន៖ មេដាយមាស កីឡាករ មីន ម៉ូស្ដាន ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ លើវិញ្ញាសា Novice Ski Stock និងវិញ្ញាសា Novice Runabout 1100 Stock ។
រីឯមេដាយមាស ២គ្រឿងទៀត ដណ្ដើមបានដោយកីឡាករ សាលី អ៊ូមើត លើវិញ្ញាសារ Sport GP និងប្អូនប្រុសបង្កើតរបស់ខ្លួន គឺកីឡាករ សាលី ហ្វីលីន លើវិញ្ញាសា Expert Runabout 1100 Stock ។ ចំណែកមេដាយប្រាក់ ១គ្រឿង ដណ្ដើមបានដោយកីឡាករ កៃវ៉ាន់ ស៊ីដែន លើវិញ្ញាសា Novice Ski Stock ។
ក្រោយបញ្ចប់ការប្រកួតលោក សាលី អ៊ូមើត បានសម្ដែងការពេញចិត្ត ចំពោះការខិតខំប្រឹងប្រែងរបស់កីឡាករទាំងអស់គ្នា តែលោកសោកស្ដាយ ចំពោះកីឡាករ ម៉ីន អូស្មាន់ ដោយសារបញ្ហាគ្រោះថ្នាក់ កំឡុងការប្រកួត ធ្វើឲ្យកីឡាករវ័យក្មេងដ៏មានសក្ដានុពលរូបនេះ គេខកខានឱកាសដណ្ដើមមេដាយជូនជាតិ ។
ម្ចាស់មេដាយមាសកីឡាអាស៊ីដដែលបន្ដថា គោលដៅរបស់ខ្លួន ក្នុងការប្រកួតជើងឯកអាស៊ីនេះ យ៉ាងហោចឈ្នះមេដាយមាស ៤ និងប្រាក់ ៤ ។ តែយ៉ាងណាការដណ្ដើមបានមេដាយមាស ៣ ក៏ជារឿងមួយល្អដែរ ។ ក្នុងនាមអគ្គលេខាធិការសហព័ន្ធ លោកប្ដេជ្ញានឹងបន្ដខំប្រឹង ដើម្បីជំរុញពួកគេឲ្យមានការប្រកួតប្រជែង និងដណ្ដើមបានលទ្ធផលកាន់តែល្អប្រសើរជូនជាតិបន្ថែមទៀត ។
គួរដឹងថា ការប្រកួត Jet Ski Asian Championships នេះ គឺជាផ្នែកមួយ នៃព្រឹត្តិការណ៍ Jet Ski World Series ដោយអ្នកទទួលបានជ័យលាភី នឹងទទួលបានកៅអីចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬជុំទី៣ នៃព្រឹត្តិការណ៍ Jet Ski World Series 2024 នាចុងឆ្នាំ ។ ប៉ុន្ដែមុនឈានដល់ការប្រកួតជុំផ្ដាច់ព្រ័ត្រ សាលី អ៊ូមើត ក៏ត្រៀមនឹងបន្ដដឹកនាំសិស្សប្អូន ចូលរួមការប្រកួត Jet Ski World Series ជុំទី១ នៅប្រទេសប៉ូឡូញ នាខែកក្កដាខាងមុខ និងជុំទី២ នៅសហរដ្ឋអាមេរិក នាខែតុលា ឆ្នាំ២០២៤ ខាងមុខផងដែរ៕ អត្ថបទ លី ឈុនឡា
Leave a Reply