ក្រុមឧទ្ទាមហ៊ូទីយ៉េមែន អះអាងថា ពួកគេបានវាយប្រហារនាវាចម្បាំងអង់គ្លេសនៅក្នុងសមុទ្រក្រហម

ក្រុមឧទ្ទាមហ៊ូទីយ៉េមែន បានអះអាងថា កាលពីថ្ងៃអាទិត្យ ពួកគេបានបាញ់មីស៊ីលបាលីស្ទិកលើនាវាចម្បាំង HMS Diamond របស់អង់គ្លេស នៅក្នុងសមុទ្រក្រហម ។

ក្រុមឧទ្ទាមហ៊ូទី និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការវាយប្រហារនេះ គឺត្រូវចំគោលដៅ ប៉ុន្តែពួកគេពុំបាននិយាយថា វាបណ្តាលឲ្យមានការខូចខាតឬយ៉ាងណានោះទេ ។

ពួកគេនិយាយថា ពួកគេបានវាយប្រហារលើនាវាពាណិជ្ជកម្ម ២គ្រឿងផងដែរ គឺនាវា Norderney និងនាវា Tavvishi ។

សេចក្តីថ្លែងការណ៍បន្តថា នាវា Tavvishi ស្ថិតនៅក្នុងសមុទ្រអារ៉ាប់ និងនាវា Norderne បានកើតជាអគ្គិភ័យ ក្រោយរងការវាយប្រហារ ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិអង់គ្លេស និយាយកាលពីថ្ងៃអាទិត្យថា សេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាមហ៊ូទី គឺពុំត្រឹមត្រូវនោះទេ ។

ក្រុមឧទ្ទាមហ៊ូទី ដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន និងសម្របខ្លួនតាមអ៊ីរ៉ង់ បានវាយប្រហារនាវានៅជិតតំបន់ឆ្នេររបស់ខ្លួនអស់រយៈពេលជាច្រើនខែមកហើយ ដោយពួកគេនិយាយថា ការវាយប្រហារបែបនេះ ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីនដែលកំពុងធ្វើសង្រ្គាមជាមួយអ៊ីស្រាអែលនៅតំបន់ហ្កាហ្សាស្រ្ទីប ។

កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមឧទ្ទាមហ៊ូទីដែលគ្រប់គ្រងទីក្រុង Sanaa បានចាប់ផ្តើមបាញ់មីស៊ីលបាលីស្ទីកប្រឆាំងនាវា និងយានដ្រូន ដែលដាក់គោលដៅលើនាវាមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ឆ្លងកាត់សមុទ្រក្រហម ដើម្បីបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ។

ជាការឆ្លើយតបនឹងទង្វើបែបនេះ កងកម្លាំងចម្រុះដឹកនាំដោយអាមេរិក និងអង់គ្លេស ដែលមានមូលដ្ឋាននៅលើដែនទឹកនោះ បានវាយឆ្មក់តាមអាកាស និងបានវាយប្រហារដោយមីស៊ីល ទៅលើគោលដៅរបស់ក្រុមហ៊ូ ចាប់តាំងពីខែកុម្ភៈរហូតមក ៕