អាមេរិក ជំរុញឲ្យផ្តល់កម្ចី ៥០ពាន់លានដុល្លារ ដល់អ៊ុយក្រែន ដោយប្រើទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក មុនកិច្ចប្រជុំ G7

មន្ត្រីអាមេរិក កំពុងប្រជែងគ្នានឹងពេលវេលា ដើម្បីបញ្ចប់កិច្ចព្រមព្រៀងមួយ ដែលអាចផ្តល់ប្រាក់កម្ចីចំនួន ៥០ពាន់លានដុល្លារដល់អ៊ុយក្រែន ដោយប្រើប្រាក់ចំណេញពីទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កក ដែលជាអាទិភាពចម្បង មុនកិច្ចប្រជុំរបស់លោកប្រធានាធិបតី ចូ បៃដិន ជាមួយក្រុមមេដឹកនាំ G7 នៅក្នុងប្រទេសអ៊ីតាលី ក្នុងសប្តាហ៍នេះ ប៉ុន្តែប្រទេសទាំង៧ មិនទាន់ឈានដល់ការឯកភាពចុងក្រោយនៅឡើយ។ នេះបើយោងតាមប្រភពដែលដឹងពីការរៀបចំរបស់សហរដ្ឋអាមេរិក នៅមុនកិច្ចប្រជុំកំពូលនេះ។

រដ្ឋបាលលោក បៃដិន បាននិងកំពុងដឹកនាំយុទ្ធនាការមួយ ដើម្បីបញ្ចុះបញ្ចូលក្រុមមេដឹកនាំនៃប្រទេស G7 រួមដូចជា ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងជប៉ុន ឲ្យចុះហត្ថលេខាលើផែនការដែលខ្លួនចាត់ទុកថា មានសារៈសំខាន់ ដែលធ្វើឲ្យអ៊ុយក្រែនមានក្តីសង្ឃឹមក្នុងការប្រយុទ្ធនៅសមរភូមិឡើងវិញ           ខណៈដែលខ្លួន កំពុងបន្តទប់ទល់នឹងការវាយលុករបស់រុស្ស៊ី។

ប្រភពជាច្រើន បាននិយាយថា គោលដៅចុងក្រោយ គឺដើម្បីបំបាត់ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុដ៏អាក្រក់បំផុតមួយចំនួន នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដូច្នេះកិច្ចព្រមព្រៀងមួយ អាចត្រូវបានប្រកាសជាផ្នែកមួយនៃសេចក្តីថ្លែងការណ៍របស់ក្រុមមេដឹកនាំ G7 នៅសប្តាហ៍នេះ។ ប៉ុន្តែសំណួរអំពីទម្រង់នៃកម្មវិធីបែបនេះ  រួមទាំងទម្រង់ច្បាស់លាស់នៃការទូទាត់ និងការធានាការទូទាត់សង ក្នុងចំណោមអ្នកផ្សេងទៀត គឺស្ថិតក្នុងដំណើរការនៃការដោះស្រាយនៅឡើយ។