អ៊ីស្រាអែល បានបើកការវាយបកសកសឹកទៅលើប្រទេសអ៊ីរ៉ង់ នៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែតុលានេះ ដោយយោធារបស់ខ្លួន បាននិយាយថាកំពុងធ្វើការវាយលុកទៅលើគោលដៅយោធា ជាការឆ្លើយតបនឹងការវាយប្រហាររបស់ទីក្រុងតេអេរ៉ង់ ទៅលើអ៊ីស្រាអែល។
តំបន់មជ្ឈិមបូព៌ា បានស្ថិតនៅលើមាត់ជ្រោះនៃការរំពឹងទុកជាមុនក្នុងការសងសឹករបស់អ៊ីស្រាអែល ចំពោះការបាញ់ស្រោចមីស៊ីលបាលីស្ទីកដែលបានធ្វើឡើងដោយអ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ដែលមីស៊ីលបាលីស្ទីកប្រហែល២០០គ្រាប់ ត្រូវបានបាញ់ទៅលើប្រទេសអ៊ីស្រាអែល ជាការវាយប្រហារដោយផ្ទាល់លើកទីពីររបស់អ៊ីរ៉ង់ ទៅលើអ៊ីស្រាអែល ក្នុងរយៈពេលប្រាំមួយខែកន្លងទៅនេះ។
កងកម្លាំងការពារអ៊ីស្រាអែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារជាបន្តបន្ទាប់ជាច្រើនខែពីប្រទេសអ៊ីរ៉ង់ប្រឆាំងរដ្ឋអ៊ីស្រាអែល ពេលនេះកងកម្លាំងការពារជាតិអ៊ីស្រាអែល កំពុងធ្វើការវាយលុកលើគោលដៅយោធា នៅក្នុងប្រទេសអ៊ីរ៉ង់។
អ៊ីស្រាអែល និយាយថា ខ្លួនមានសិទ្ធិ និងកាតព្វកិច្ច ក្នុងការឆ្លើយតបទៅនឹងការវាយប្រហារពីទីក្រុងតេអេរ៉ង់ និងអ្នកតំណាងរបស់ប្រទេសនេះ ដែលរួមមានការវាយប្រហារដោយមីស៊ីលបាញ់ចេញពីទឹកដីអ៊ីរ៉ង់។ សមត្ថភាពការពារ និងវាយលុករបស់យើង ត្រូវបានប្រមូលផ្តុំយ៉ាងពេញលេញ។
វិសាលភាពនៃការវាយប្រហារនៅពុំទាន់ច្បាស់ភ្លាមៗនៅឡើយទេ។ ទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ បានរាយការណ៍ថា ការផ្ទុះដ៏ខ្លាំងជាច្រើន ត្រូវបានលាន់ឮនៅជុំវិញរដ្ឋធានីតេអេរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយពាក់កណ្តាលផ្លូវការរបស់អ៊ីរ៉ង់ និយាយថា ការផ្ទុះក៏ត្រូវបានគេឮផងដែរនៅក្នុងទីក្រុង Karaj ដែលនៅក្បែរនោះ។
ទីភ្នាក់ងារសារព័ត៌មាន Tasnim រាយការណ៍ថា គ្មានអ្វីត្រូវបានគេរាយការណ៍ក្រៅតែអំពីការឮសំឡេងរ៉ូកែត ឬយន្តហោះនៅលើអាកាស នៅទីក្រុងតេអេរ៉ង់នោះទេ រហូតមកដល់ពេលនេះ។
ទូរទស្សន៍រដ្ឋ បានដកស្រង់សម្តីមន្ត្រីចារកម្មអ៊ីរ៉ង់ដែលបាននិយាយថា ប្រភពដើមនៃការផ្ទុះដ៏ខ្លាំង អាចមកពីការបើកឲ្យដំណើរការប្រព័ន្ធការពារដែនអាកាសរបស់អ៊ីរ៉ង់៕
Leave a Reply